(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា លោកបាន និងកំពុងរឹតបន្តឹងលើការប្រើប្រាស់អាវុធរបស់នគរបាលក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់បន្ថែម លើការត្រួតពិនិត្យតាមដងផ្លូវសាធារណៈ អំពីការដឹកជញ្ជូនអាវុធដោយខុសច្បាប់។

ថ្លែងក្នុងកិច្ចសម្ភាស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឆ្លើយតបចំពោះសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធនឹងការរឹតបន្តឹងលើការកាន់កាប់អាវុធនៅរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ដូច្នេះថា៖ «ទី១ រាល់ថ្ងៃនេះ ខ្ញុំកំពុងតែរឹតបន្តឹង ការប្រើប្រាស់អាវុធរបស់សមត្ថកិច្ច ទី២.ឱ្យគាត់យល់អំពីក្រមសីលធម៌នៃការប្រើប្រាស់អាវុធ តើច្បាប់កំណត់ឱ្យប្រើប្រាស់របៀបម៉េច? ហើយបន្ទាប់មកទៀត គឺយើងយកចិត្តទុកដាក់អំពីការត្រួតពិនិត្យ តាមដងផ្លូវសាធារណៈអំពីការដឹកជញ្ជូនអាវុធដោយខុសច្បាប់»។

ការអះអាងរបស់ស្នងការរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានករណីប្រើប្រាស់អាវុធពីសំណាក់ឧកញ៉ា ស្រី ស៊ីណា បានចូលទៅផ្ទះជនរងគ្រោះ ហើយបាញ់សម្លាប់២នាក់គូដណ្ដឹងដែលជាម្ចាស់ផ្ទះ និងបាញ់មនុស្ស២នាក់ទៀតរងរបួស នៅក្នុងបុរីប៉េងហួតបឹងស្នោរ គម្រោងទី៧ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន បានបញ្ជាក់ថា ការប្រើប្រាស់អាវុធរបស់ ឧកញ៉ា ស្រី ស៊ីណា គឺមិនមានច្បាប់អនុញ្ញាតនោះទេ។ នេះជាការកាន់កាប់អាវុធដោយខុសច្បាប់ ប៉ុន្តែយោងតាមច្បាប់ទោសនេះ ស្រាលជាង ទោសដែលឧកញ៉ានេះបាញ់សម្លាប់មនុស្ស ដែលត្រូវបានចោទប្រកាសពីបទ «អំពើមនុស្សឃាតគិតទុកជាមុន»។

ទោះជាយ៉ាងនេះក្តី បើតាមស្នងការរូបនេះ ទោះបីជាសមត្ថកិច្ចក៏ដោយ ក៏មិនអាចប្រើប្រាស់អាវុធដោយគ្មានតាមចិត្តនោះដែរ។ សមត្ថកិច្ចមិនត្រូវផ្ទុះអាវុធ នៅពេលបំពេញបេសកម្ម ដោយគ្មានបទបញ្ជាឡើយ ហើយត្រូវការពារ មិនឱ្យគេខ្ចីអាវុធនេះដាច់ខាត នេះគឺជាក្រឹត្យក្រមច្បាប់ដែលបានចែង៕

<div cl