(សៀមរាប)៖ លោកទន្តបណ្ឌិតឯកទេស ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា បានអំពាវនាវដល់សហភាតរៈអ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ ដែលមិនទាន់មានអាជ្ញាបណ្ណវិជ្ជាជីវៈ រួសរាន់ចុះបញ្ជិការ និងស្នើសុំអាជ្ញាបណ្ណឱ្យបានគ្រប់គ្នា ដើម្បីមាននីតិសម្បទាគ្រប់គ្រាន់អាចប្រកបវិជ្ជាជីវៈទន្តសាស្ត្រស្របច្បាប់។ ត្រូវពិនិត្យនិងស្វែងយល់ឯកសារគតិយុត្តិនានាពិសេសក្រមសីលធម៌ទន្តពេទ្យ និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលដែលមាន ចែងពីទោសប្បញ្ញត្តិ។ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីលុបបំបាត់សេវាខុសច្បាប់ សេវាដែលផ្តល់ដោយអ្នក ដែលគ្មានសញ្ញាបត្រទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល។ ត្រូវផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋ ដោយផ្អែកលើលក្ខណៈវិទ្យាសាស្ត្រ ក្រមសីលធម៍វិជ្ជាជីវៈ និងគិតពីសុខមាលាភាពប្រជាពលរដ្ឋជាចម្បង។ ត្រូវចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលបន្តដើម្បីពង្រឺងសម្ថភាពវិជ្ជាជីវៈនិងមានលក្ខណ្ឌគ្រប់គ្រាន់ក្នុងការស្នើសុំអាជ្ញាបណ្ណ។

ការអំពាវនាវរបស់លោកទន្តបណ្ឌិតឯកទេស ប៉ូច សុភារ័ត្ន នៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវដែនកំណត់វិជ្ជាជីវៈ បទដ្ឋាន និងនិយាមវិជ្ជាជីវៈសម្រាប់អ្នកប្រកបវិជ្ជា ជីវៈទន្តសាស្ត្រនៅកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកទន្តបណ្ឌិត ស្រេង ធា ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យខេត្តសៀមរាប និងលោកគ្រូ អ្នកគ្រូពេទ្យជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងសិក្ខាសាលានេះ លោកទន្តបណ្ឌិត ស្រេង ធា បានលើកឡើងថា មកដល់បច្ចុប្បន្ននេះ គណៈទន្តពេទ្យខេត្តសៀមរាប មានសមាជិកចំនួន១១៨នាក់ ក្នុងនោះអ្នកបានចុះបញ្ជីការស្ទើសុំបន្តអាជ្ញាបណ្ណមានចំនួន៨៤នាក់។ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់នៅថ្ងៃនេះ នឹងប្រឹងប្រែងយកចិត្តទុកដាក់ស្ដាប់បទបង្ហាញរបស់វាគ្មិន ដើម្បីជាចំណេះដឹងសម្រាប់ការប្រតិបត្តិក្នុងវិជ្ជាជីវៈរបស់យើងឱ្យបានល្អប្រសើរ។

លោកទន្តបណ្ឌិតឯកទេស ប៉ូច សុភារ័ត្ន បានបន្តថា ដែនកំណត់វិជ្ជាជីវៈ បទដ្ធាននិងនិយាមវិជ្ជាជីវៈនេះ គឺជាតម្រូវការរបស់គណៈកម្មាធិការសម្របសម្រួលអ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រអាស៊ាន (Asean Joint Coardinating Committee on Dental Prectioners) និងច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។ ដោយក្រុមការងារបច្ចេកទេសបានចំណាយពេលវេលាជាច្រើនខែ ដើម្បីរៀបចំសេចក្តីព្រាង ដែនកំណត់ បទដ្ឋាន និងនិយាមវិជ្ជាជីវៈសម្រាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រ ដោយយោងលើឯកសារថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិសរុបជាង៥០។ ហើយសេចក្តីព្រាងនេះ ត្រូវបានដាក់ឱ្យផ្តល់ធាតុចូលពីភាគីពាក់ព័ន្ធនានាទាំងវិស័យសាធារណៈ និងឯកជន ដើម្បីឱ្យឯកសារនេះកាន់តែមានសុក្រឹតភាព។

លោកទន្តបណ្ឌិតឯកទេស បានបន្តទៀតថា ដែនកំណត់វិជ្ជាជីវៈនេះ បានរៀបរាប់ពីសកម្មភាព និងកម្រិតសម្រេចចិត្តលើការប្រតិបត្តិវិជ្ជាជីវៈទៅតាមកម្រិតបណ្តុះបណ្តាលគុណវុឌ្ឍ និងសិទ្ធិដែលមានកំណត់ក្នុងអាជ្ញាប័ណ្ណ ប្រកបវិជ្ជាជីវៈ ដើម្បីបំពេញភារកិច្ចប្រកបដោយឯករាជ្យភាព ឥស្សភាព និងទំនួលខុសត្រូវចំពោះមុខ សាធារណជន និងវិជ្ជាជីវៈ។

ដោយឡែក ចំពោះបទដ្ឋាន និងនិយាមវិជ្ជាជីវៈ គឺមានគោលបំណងសំខាន់៤ រួមមាន៖

១- បង្ហាញទៅសាធារណជននូវកម្រិតអប្បបរមានៃការពិនិត្យព្យាបាល ថែទាំសុខភាព មាត់ធ្មេញមានគុណភាព និងសុវត្ថិភាព។
២- ជាឧបករណ៍សម្រាប់ពិនិត្យតាមដាន និងវាយតម្លៃការប្រកបវិជ្ជាជីរៈទន្តសាស្ត្រ។
៣- ផ្តល់ការបង្ហាញផ្លូវក្នុងការរៀបចំកម្មវិធីសិក្សាផ្នែកទន្តសាស្ត្រ។
៤- ប្រើប្រាស់ជាគម្រោងការក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត។ ហើយវាក៏ជាឯកសារគតិយុត្តិសម្រាប់ដឹកនាំ និងការគ្រប់គ្រងការប្រកបវិជ្ជាជីវៈ ដែល ពិពណ៌នាអំពីកម្រិតអប្បបរមា នៃការប្រតិបត្តិដែលអាចទទួលយកបានរបស់អ្នកប្រកបវិជ្ជាជីវៈ ជាខ្នាតវាស់វែងសម្រាប់ទន្តពេទ្យម្នាក់ៗ ប្រើប្រាស់ក្នុងការវាយតម្លៃលើការប្រតិបត្តិរបស់ខ្លួនផងដែរ៕