(កំពង់ធំ)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការបើកចែកអាវភ្លៀង អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់យោធិនចំណុះអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ ពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធជាតិកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ពិសេសក្នុងរដូវរងាសម្ដេចបានផ្ដល់អាវរងា និងក្នុងរដូវភ្លៀងសម្ដេចទាំងទ្វេ បានផ្ដល់អាវភ្លៀង ដើម្បីយោធិន និងក្រុមគ្រួសារសម្រាប់ប្រើប្រាស់ជារៀងរាល់ឆ្នាំ ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាជន ហើយត្រូវប្តេជ្ញាចិត្តដាច់ខាតក្នុងការការពារសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។

ជា​មួយ​នេះនាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ទាំងអស់​ ព្រមទាំង​ក្រុម​គ្រួសារ​ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ ជា​ថ្មី​ម្ដង​ទៀត​ ចំពោះ​គម្រោងស្ថាបនាព្រែកជីកហ្វូនណនតេជោ ដែលនិងគ្រោងបើកការដ្ខានស្ថានានាពេលដ៏ខ្លីខាងមុខនេះ ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិ​ និង​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល៕