(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះល្វែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ ឌុច គឹមហួត អាយុ៥៨ឆ្នាំ និងឈ្មោះ ជួន ដា ភេទស្រី អាយុ៤០ឆ្នាំ ព្រមទាំងដកហូតបាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន២៣៤ថង់កិប (ធំ៣ថង់) ទម្ងន់៩៨១,៣០ក្រាម, ទូរស័ព្ទចំនួន២គ្រឿង, ប្រាក់ថៃចំនួន៥,៦០០បាត, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៤គ្រឿង និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា មុនឈានដល់ការបង្រា្កបករណីនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលព័ត៌មានពីសន្តិសុខរាយការណ៍មកថា មានករណីជួញដូរគ្រឿងញៀននៅចំណុចផ្ទះល្វែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចផ្ទះល្វែងខាងលើ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឌុច គឹមហួត។

ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បាន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងបានធ្វើការឆែកឆេរលំនៅឋានរបស់ជនសង្ស័យឈ្មោះ ឌុច គឹមហួត រកឃេីញគ្រឿងញៀនមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដេីម្បីសួរនាំចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយជនសង្ស័យ បានឆ្លើយសារភាពថា ពួកខ្លូនពិតជាបានទិញគ្រឿងញៀនយកមកសម្រាប់លក់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕