(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងណែនាំលោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ពីសុខសុវត្ថិភាពសិស្សានុសិស្សពិសេសរឿងលង់ទឹក។ លោក សាយ គឹមឡម បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ស្រះទឹកថ្មី និងសមិទ្ធផលនានាជាច្រើននៅក្នុងសាលាបឋមសិក្សាអូរចក ស្ថិតនៅក្នុងភូមិប្រគាប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

លោកបានណែនាំសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឲ្យអស់ពីលទ្ធភាពទាំងនៅក្នុងសាលារៀននិងនៅតាមគេហដ្ឋាន ជាពិសេសអាណាព្យាបាលត្រូវជំរុញណែនាំនិងតាមដានការសិក្សារបស់កូនឲ្យបានជួបជាប្រចាំដើម្បី ឱ្យការសិក្សារៀនសូត្រប្រកបដោយគុណភាពនិងទទួលបានលទ្ធផលល្អគ្រប់ៗគ្នាយ៉ាងហោចណាស់ក៏បានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លើសពីនេះ លោកបានណែនាំដល់នាយកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ ត្រូវនាំគ្នាដាំដើមឈើនៅក្នុងបរិវេណសាលារៀនឲ្យបានច្រើន និងខៀវបំព្រងដើម្បីជាម្លប់ និងជាផ្នែកមួយនៃការចូលរួមកាត់ បន្ថយកម្ដៅបរិយាកាសសកលដូចសព្វថ្ងៃផងដែរ។

លើសពីនេះទៀត លោកក៏បានអំពាវនាវដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស គណៈកម្មការទ្រទ្រង់សាលារៀនត្រូវសហការគ្នាក្នុងការថែរក្សាសមិទ្ធផលនានា ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ ជាពិសេសស្រះទឹក ដើម្បីជាប្រភពទឹកក្នុងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ទូទៅនៅក្នុងសាលារៀននិងសហគមន៍ផងដែរ។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកទៀ ឆាយវេង និងលោក ថេង  ណាល់ តំណាងសប្បុរសជនជួយសង្គម ដែលតែងតែសហការនិងកៀរគរមូលធនសម្រាប់ជួយអភិវឌ្ឍន៍ ស្រុកស្ទោងកន្លងមកជាពិសេសសមិទ្ធផលនានាដែលបានដាក់សម្ពោធជូនសិស្សានុសិស្សលោកគ្រូអ្នកគ្រូនៅក្នុងបឋមសិក្សាអូរចកប្រើប្រាស់នៅក្នុងឱកាសនេះជាសក្ខីភាពស្រាប់។

សូមបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងឱកាសនេះរួមមានស្រះទឹកទំហំ៤០ ម៉ែត្រx២០ម៉ែត្រ ជំរៅ៥ម៉ែត្រ  បំពាក់អំពូលសូឡា របងព័ទ្ធជុំវិញស្រះ ខ្លោងទ្វារសាលា អំពូលភ្លើង កង្ហារ ស្លាកឈ្មោះ។ល។ ដែលស្មើនឹងទឹកប្រាក់សរុបចំនួន ៦,៨៧០ដុល្លារ៕