(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន១៣នាក់ ទៅតុលាការនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោយចុះប្រតិបត្តិការរយៈពេល២ថ្ងៃជាបន្ដបន្ទាប់ នៅចំណុចជិតរង្វង់មូលស្រីគ្រប់ល័ក្ខ ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយក្រោមការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
លោកឧត្តសេមនីយ៍ត្រី មេបញ្ជាការ បានឲ្យដឹងថា កម្លាំងអាវុធហត្ថ ចុះប្រតិបត្តិការទី១ នៅភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ វ៉េត កក្កដា អាយុ១៤ឆ្នាំ បន្ទាប់មកទៀតនៅវេលាម៉ោង១១យប់ថ្ងៃទី១៤ ខែកញ្ញា នៅចំណុចសណ្ឋាគារសន្តិភាព ក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ទៀត ទី១-ឈ្មោះ ធុល រដ្ឋា អាយុ២៨ឆ្នាំ ទី២-មានឈ្មោះ លេខ ស្រីម៉េង ភេទស្រី អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។
លោកបន្ដថា ប្រតិបត្តិការទី២ តាមការឆ្លើយសារភាពពីឈ្មោះ វ៉េត កក្កដា រួចមកកម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន ស្រុកមង្គលបូរី ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅម៉ោង២រសៀលថ្ងៃទី១៥ ខែកញ្ញា នៅចំណុចភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ដោយទី១-ឈ្មោះ ណយ យូណាន់ អាយុ១៩ឆ្នាំ ទី២-ឈ្មោះ ណយ រីណូ អាយុ២១ឆ្នាំ ទី៣-ឈ្មោះ រុណ ចំណាប់ អាយុ២២ឆ្នាំ។ ប្រតិបត្តិការទី៣ ជនសង្ស័យឈ្មោះ វ៉េត កក្កដា បានបន្ដសារភាព ហើយកម្លាំងអាវុធហត្ថឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន៤នាក់ នៅម៉ោង៥ល្ងាចថ្ងៃទី១៥ ខែកញ្ញា នៅចំណុចភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ទី១-ឈ្មោះ រួម ចាន់ជីវ័ន្ត អាយុ១៩ឆ្នាំ ទី២-ឈ្មោះ ឆ្លែម សុវឌ្ឍនា អាយុ១៧ឆ្នាំ ទី៣-ឈ្មោះ ឈឿន សាវុធ អាយុ២០ឆ្នាំ ទី៤-ឈ្មោះ ហុក ផ្លយ អាយុ២១ឆ្នាំ។
លោកមេបញ្ជាការ បន្ថែមថា ប្រតិបត្តិការទី៤ ធ្វើឡើងតាមការឆ្លើយសារភាពរបស់ឈ្មោះ រួម ចាន់ជីវ័ន្ត កម្លាំងអាវុធហត្ថបានចុះឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅម៉ោង៨យប់ ថ្ងៃទី១៥ ខែកញ្ញា នៅចំណុចភូមិប្រឡាយលួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ដោយជនសង្ស័យ ទី១-ឈ្មោះ ឡាច ឡូញ អាយុ៤១ឆ្នាំ ទី២-ឈ្មោះ ឈុន ចន្ថា អាយុ២៩ឆ្នាំ ទី៣-ឈ្មោះ ចាន់ សំណាង អាយុ២៣ឆ្នាំ។
ក្រោយប្រតិបត្តិការ កម្លាំងជំនាញបានធ្វើការដកហូត វត្ថុតាងសរុបរួមមាន ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន៥កញ្ចប់ ទូរស័ព្ទដៃ១៦គ្រឿង ម៉ូតូ៥គ្រឿង និងសម្ភារៈជក់មួយចំនួនទៀត៕