(ភ្នំពេញ)៖ អង្គប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ បានដំណើរការហើយ នាព្រឹកថៃ្ងទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង និងជាតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានលើកឡើងថា ផ្អែកតាមបទប្បញ្ញត្តិមាត្រា៧០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានតម្រូវឱ្យក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញលើកទី១ មិនឱ្យហួសពី១៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំ ប្រកាសចូលកាន់តំណែង។ លោកថា យើងបានប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានី កាលពីថ្ងៃទី០៧ មិថុនា មានន័យថា យើងបានអនុវត្តត្រឹមត្រូវទៅតាមច្បាប់ហើយ។

លោក ម៉ប់ សារិន បានបន្តថា កិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤នេះ យើងមិនអនុម័តទៅលើអ្វីមួយនោះទេ យើងគ្រាន់តែស្តាប់ គិតពិចារណា ដើម្បីយកទៅប្រជុំសាមញ្ញលើកទី២។ បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវធ្វើតាមទម្រង់ជាដីកា និងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ដែលនឹងប្រព្រឹត្តទៅមិនឱ្យមុន ២៥ថ្ងៃ ឬលើសពី ៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១។ ដើម្បីឱ្យក្រុមប្រឹក្សាមានមូលដ្ឋាន ក្នុងការរៀបចំ និងអនុម័តបទបញ្ជាផ្ទៃក្នុងឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាតាមច្បាប់កំណត់ ក្រសួងមហាផ្ទៃបានរៀបចំគំរូបទបញ្ជាផ្ទៃក្នុង ដូចមានភ្ជាប់មកជាមួយសេចក្តីណែនាំនេះ។

ចំពោះរបៀបវារៈអង្គប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤នេះ គឺបានផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជផ្ទៃក្នុង របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។ ផ្តួចផ្តើមសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ សម្រាប់រយៈពេលដប់ពីរខែ (១២ខែ) (ឆ្នាំ២០២៤-២០២៥) ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។ របាយការណ៍លទ្ធផលស្តីពីការអនុវត្តការងាររបស់គណៈអភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញក្នុង អាណត្តិទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ និងការងារសេសសល់ ទិសដៅការងាររយៈពេល០៣ខែដែលបានអនុម័តដោយក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ និងត្រូវអនុវត្តបន្ត។

លោក កើត ឆែ បានថ្លែងថា ក្នុងរយៈពេល ៣ខែ (មីនា មេសា ឧសភា)កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញដីកា ចំនួន ២៦៨ច្បាប់, សេចក្តីសម្រេចចំនួន ៩០ច្បាប់ លិខិតចេញចំនួន ១០.៤៦៤ច្បាប់, លិខិតចូលចំនួន ៦.០៨០ច្បាប់, ឯកសារ ដែលបានធ្វើនីត្យានុកូលកម្មចំនួន ២.៦៦៧ច្បាប់, សៀវភៅគ្រួសារចំនួន ២.៨០៩សហព័ន្ធ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ២០.១០០នាក់។បានចុះបញ្ជីស្នាក់នៅមានចំនួន ៤៩៩,២៩៩គ្រួសារ ក្នុងនោះប្រជាពលរដ្ឋ សរុបចំនួន ២.២៨១.៩៥១នាក់ ស្រី ១.១៧៦.២៧៨នាក់។ ចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទបានចំនួន ១៨.៩០៦នាក់ ស្រី ៩.៣១៦នាក់។

ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ លោកបានបញ្ជាក់ថា៖ ក្នុងរយៈពេល ៣ខែនេះ យើងបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ១០១ករណី ឃាត់ខ្លួន ១៥៧នាក់។ បង្ក្រាបក្មេងទំនើងបាន ១៨៣ករណី ឃាត់ខ្លួន ៣១៥នាក់ - បង្ក្រាបបទល្មើសគ្រឿងញៀនបាន ៣៥៩ករណី ឃាត់ខ្លួន ៦៥០នាក់ បង្ក្រាបល្បែងស៊ីសងខុសច្បាប់បាន ២៥ករណី ឃាត់ខ្លួន ១១៩នាក់។ គ្រោះថ្នាក់ចរាចរណ៍កើតមាន ២១៨លើក (ស្លាប់ ៦៤នាក់, របួស ៣១៦នាក់)៕