(ភ្នំពេញ)៖ កម្មវិធី «Startup Weekend» បានដាក់បញ្ចូលការអប់រំ ជាប្រធានបទ និងត្រៀមខ្លួនក្នុងការត្រឡប់មកជាថ្មីម្តងទៀត នាថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅ The Canopy, Raintree ។
កម្មវិធី «Startup Weekend» ត្រូវបានរៀបចំឡើងក្នុងបណ្តា ប្រទេសជាង១៥០ ជុំវិញពិភពលោក និងជាកន្លែងសម្រាប់សហគ្រិន ក្នុងការជួបជុំជាមួយអ្នកអភិវឌ្ឍន៍ កម្មវិធី និងអ្នកផ្លាស់ប្តូរ ដើម្បីទទួលបានជោគជ័យ និងសិក្សាបន្ថែមក្នុងរយៈពេល៥៤ម៉ោង ហើយកម្មវិធីនេះ ផ្តោតលើការអប់រំ នឹងត្រូវប្រព្រឹត្តទៅជាលើកដំបូង នៅកម្ពុជា។
នៅយប់ថ្ងៃទី១៦កញ្ញា កម្មវិធី Startup Weekend Education ចាប់ផ្តើមដោយការធ្វើបទ បង្ហាញ៦០វិនាទី ជាមួយនឹងការបង្កើតក្រុមតូចៗ បន្ទាប់មកអ្នកទាំងនោះ នឹងចំណាយពេលសម្រាប់ ថ្ងៃ១៧-១៨ ក្នុងការប្រមូលផ្តុំគំនិត ដោយស្រង់យោបល់ពីអ្នកប្រើប្រាស់ កែច្នៃ/កសាងគំរូ និងការកសាងផែនការពាណិជ្ជកម្ម ដោយមានជំនួយពីគ្រូបង្វឹក ដែលមានបទពិសោធពីទីផ្សារ ការអប់រំនេះ។
នៅថ្ងៃទី១៨ ខែកញ្ញា ពួកគេនឹងបង្ហាញផលិតផលរបស់ខ្លួន និងទទួលការវាយតម្លៃពីសំណាក់ចៅក្រមជំនាញ។ លោក សុខ លាភ អ្នករៀបចំកម្មវិធី Startup Weekend បានឲ្យដឹងថា ខណៈដែលវិស័យកសិកម្មនិងសុខភាពជាកត្តាចំបង ដូច្នេះ «ការស្វែងយល់ និងបង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាព ដើម្បីកែលម្អការសិក្សានិងការបង្រៀន នឹងក្លាយជាប្រធានបទចម្បងនៅក្នុងកម្មវិធី Startup Weekend Education រយៈពេលបីថ្ងៃនេះ។ ពួកយើងរំពឹងថា អ្នកចូលរួមនឹងបង្កើតនូវដំណោះស្រាយគំរូ ហើយពួកគេអាចទទួលបានការចាប់អារម្មណ៍ពីក្រុមវិនិយោគិន ក្នុងការទទួលយកគំនិតពាណិជ្ជកម្ម របស់ខ្លួនទៅអនុវត្ត»។
លោក Yves Schaeffer នាយកប្រតិបត្តិ របស់ក្រុមហ៊ុន EZECOM បានថ្លែង «ការអប់រំជាកត្តាចាំបាច់ក្នុងការសម្រេចបាន នូវកិច្ចអភិវឌ្ឍនាពេលអនាគត ដូច្នេះយើងមានសេចក្តី សោមនស្សរីករាយយ៉ាងខ្លាំង ដែលបានក្លាយជាផ្នែកមួយ នៃសហគមន៍ ក្នុងការជួយលើកកម្ពស់ការអប់រំ ក្នុងប្រទេសកម្ពុជា ។ ក្នុងនាមជា Gold Sponsor របស់កម្មវិធី Startup Weekend Education យើងជឿជាក់ថា កម្មវិធីនេះនឹងជម្រុញឲ្យធនធានមនុស្ស ដែលមានសមត្ថភាព បង្កើតផែនការពាណិជ្ជកម្ម ច្នៃប្រឌិតដើម្បីជួយដល់វិស័យអប់រំ នៅកម្ពុជា»។
លោកបានបន្ថែមទៀតថា «ឃើញអ្នកជំនាន់ថ្មី ខិតខំប្រឹងប្រែង ក្នុងការកែច្នៃវិស័យអប់រំ និងអាជីវកម្មដូច្នេះ ខ្ញុំជឿជាក់ថា ទីផ្សារ និងសហគមន៍ពាណិជ្ជកម្ម នាពេលអនាគត របស់កម្ពុជា នឹងមានការប្រកួតប្រជែងខ្លាំង ទាំងក្នុងតំបន់ និងអន្តរជាតិ»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមនៅម៉ោង៥រសៀល នៅ The Canopy, Raintree ផ្លូវព្រះអង្គដួង។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ៖ http://www.up.co/communities/cambodia/phnom-penh/startup-weekend/8352៕