(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមជាមួយប្រទេសបារាំង ក្នុងការគាំទ្រលើសេចក្តីថ្លែងការណ៍រួមស្តីពី ការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា ដែលនឹងត្រូវថ្លែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម័យប្រជុំលើកទី៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សេចក្តីថ្លែងការណ៍រួមស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នាផ្តួចផ្តើមដោយលោក Jean-Marc Berthon ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ដោយបានស្នើសុំឱ្យកម្ពុជា ចូលរួមក្នុងសេចក្តីថ្លែងការណ៍នេះ តាមរយៈកិច្ចជំនួបចំនួនពីរលើករវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Jean-Marc Berthon និងកិច្ចជំនួប ជាមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមចូលរួមអបអរសាទរចំពោះបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា នៅទូទាំងប្រទេសកម្ពុជា និងសូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែមានសេចក្តីមេត្តា ករុណា និងការសន្តោសប្រណី ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងតែងតែរម្លឹកដាស់តឿនកុំឱ្យមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នាជាពិសេសបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពុំមានការដាក់ទោសទណ្ឌលើការស្រឡាញ់ភេទដូចគ្នាឡើយ។

ការចូលរួមរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសបារាំងលើសេចក្តីថ្លែងការណ៍រួមនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិ មនុស្ស និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាទាំងក្នុងប្រទេស ក៏ដូចជានៅលើសកលលោក។ ទន្ទឹមនេះការចូលរួម គាំទ្រសេចក្តីថ្លែងការណ៍រួមនេះបានបង្ហាញថាប្រទេសកម្ពុជាគឺជាសង្គមមួយដែលមនុស្សគ្រប់រូបអាចរួមរស់ នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា គ្មានការរើសអើង នៅក្រោមម្លប់នៃសន្តិភាពនិងការអភិវឌ្ឍ៕