(ភ្នំពេញ)៖ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានស្នើសុំមជ្ឈមណ្ឌល «សង់ត្រាល់» កែតម្រូវខ្លឹមសារលើរបាយការណ៍ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដែលមិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករនិយោជិតនៅកម្ពុជាទាំងមូល ដែលផ្ទុយទាំងស្រុងទៅនឹងសភាពជាក់ស្តែង និងមិនរំលេចទាល់តែសោះនូវសមិទ្ឋិផលវិជ្ជាមានជាច្រើន ដែលជាវឌ្ឍនភាពលក្ខណ្ឌការងាររួមរបស់កម្មករនិយោជិត និងសហជីពនៅកម្ពុជា។

នេះបើយោងតាមលិខិតរបស់លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ផ្ញើទៅលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «សង់ត្រាល់» ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

បើតាមសហភាពសហជីពសុភមង្គលកម្មករកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ «សង់ត្រាល់» បានចេញរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសហជីពឯករាជ្យកម្ពុជា នៅតែប្រឈមឧបសគ្គរារាំងហើយថា ខ្លួនបានធ្វើការសម្ភាសដោយវាយតម្លៃពីស្ថានភាពកម្មករ និង សហជីពក្នុងរោងចក្រចំនួន១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ (ILO-BFC) ក្នុងចំណោមសហជីពចំនួន ១៤ នេះ មានសហជីពចំនួន ១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបំពេញការងាររបស់ពួកគេ ហើយក៏បានទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករ-និយោជិត និងសហជីព។

«យើងខ្ញុំយល់ឃើញថាខ្លឹមសារ នៃរបាយការណ៍ខាងលើនេះវាមិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់កិត្តិយសជាតិប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល»។ នេះបើតាមលិខិតរបស់ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា។

ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានបន្តថា «យើងខ្ញុំទាំងអស់គ្នាជាតំណាងកម្មករ-និយោជិត មានការព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍របស់កម្មករ ទើបយើងខ្ញុំស្នើសុំដោយទទូចដល់លោកនាយក សង់ត្រាល់ ដើម្បីធ្វើការកែរសម្រួលរបាយការណ៍របស់ខ្លួនឡើងវិញ ដោយបង្ហាញនូវសមិទ្ឋិផលវិជ្ជាមានជាច្រើន ដែលជាវឌ្ឍនភាពលក្ខណ្ឌការងាររួមរបស់កម្មករនិយោជិត និងសហជីពនៅកម្ពុជា»

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះដែរ លោក អ៊ុន ដារ៉ា អ្នកនាំពាក្យសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាអនុប្រធានប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងសហការី ក៏បាននាំយកលិខិតខាងលើ ទៅដាក់នៅទីស្នាក់ការ «សង់ត្រាល់» ដើម្បីស្នើសុំឱ្យអង្គការនេះ កែតម្រូវខ្លឹមសារនៃរបាយការណ៍របស់ខ្លួនឡើងវិញ។

លោកបានប្រាប់អ្នកសារព័ត៌មាន នៅមុខទីស្នាក់ការ សង់ត្រាល់ ថា របាយការណ៍សង់ត្រាល់ បាននិងកំពុងបន្លំបរិយាកាស ធ្វើឱ្យអ្នកវិនិយោគមានការភ័យខ្លាច ធ្វើឱ្យច្រឡំថាសេរីភាពរបស់សហជីពមានការរើសអើង ហើយធ្វើឱ្យអ្នកបញ្ជាទិញគេប្តូរចេញពីកម្ពុជា។ ដូច្នេះសង់ត្រាល់គួរសិក្សាពីវឌ្ឍនភាពវិស័យការងារកម្ពុជាឡើងវិញ។

ក្នុងលិខិតនោះ ក៏បានព្រមានដែរថា ក្នុងករណីដែលលោកនាយកអង្គការសង់ត្រាល់មិនមានកែសម្រួលរបាយការណ៍តាមការស្នើសុំទេ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា នឹងសរសេរលិខិតទៅម្ចាស់ជំនួយ និង ក្រសួងមហាផ្ទៃ ដើម្បីធ្វើការពិនិត្យពីការអនុលោមភាពនៃលក្ខន្តិកៈរបស់សង់ត្រាល់ និងការអនុលោមភាពច្បាប់នានានៅកម្ពុជា ហើយចុងក្រោយ នឹងប្រមូលផ្តុំកម្មករ និយោជិត ដើម្បីធ្វើការតវ៉ាទ្រង់ទ្រាយធំនៅមុខការិយាល័យ សង់ត្រាល់ និងក្រសួងមហាផ្ទៃដើម្បីស្នើសុំឱ្យបិទការិយាល័យរបស់សង់ត្រាល់តែម្ដង៕