(ត្បូងឃ្មុំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការខិតខំរំដោះជាតិនិងប្រជាជនតាំងពីថ្ងៃ៧ មករា ១៩៧៩ រហូតដល់ការទទួលបានសន្តិភាពពេញលេញ ២៩ ធ្នូ ១៩៩៨ គឺជាសច្ចភាពប្រវត្តិសាស្ត្រដែលមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ ហើយកូនចៅជំនាន់ក្រោយរបស់កម្ពុជាត្រូវតែចងចាំ។

សម្ដេចធិបតីថ្លែងដីច្នេះក្នុងពិធីរំលឹកដល់ព្រឹត្តិការណ៍នៃដំណើរតស៊ូរំដោះជាតិរបស់សម្តេចតេជោ និងយុទ្ធមិត្តកាលពី៤៧ឆ្នាំមុន នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណាក់កាលទី៣ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលមានលក្ខណៈ ប្តូរផ្តាច់ក្នុងការប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌ ពោលគឺជាដំណាក់កាលថែរក្សាការពារសន្តិភាព ដែលជាបុព្វបទនៃការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្រោមដំបូលសុខសន្តិភាព ដែលបានមកពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ការណ៍នេះបានបង្ហាញតាមរយៈតថភាពនៃប្រវត្តិសាស្ត្រ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា មានការចាប់ផ្តើមពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជ​សាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានការបង្កើតអង្គការចាត់តាំងខាងយោធាដំបូងនៅថ្ងៃទី១២ ឧសភា ១៩៧៨ និងការបង្កើតបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ទើបមានជ័យជម្នះ ៧ មករា ១៩៧៩»

សម្ដេចធិបតីបន្តទៀតថា មានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ទើបមាននយោបាយឈ្នឈ្នះ ២៩ ធ្នូ ១៩៩៨ ឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ។ នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រដែលមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ ហើយកូនចៅជំនាន់ក្រោយរបស់កម្ពុជាត្រូវតែចងចាំ៕