(ត្បូងឃ្មុំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានណែនាំឱ្យគ្រប់បណ្តាអាជ្ញាធររាជធានី-ខេត្ត ត្រូវរៀបចំសួនតេជោសន្តិភាព និងតំបន់ប្រវត្តិសាស្ត្រយោធោតេជោ នៅតាមទីតាំងដែលបានកំណត់ និងសិក្សាដោយសារក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រយោធា។

ការណែនាំនេះធ្វើឡើងក្នុងឱកាសម្តេចធិបតី អញ្ជើញក្នុងពិធីរំលឹកខួបលើកទី៤៧ឆ្នាំ នៃដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឈានឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ នៅតំបន់​ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ត​ត្បូង​ឃ្មុំ។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមឱ្យគ្រប់បណ្តាខេត្តបន្តជំរុញការរៀបចំសួនតេជោសន្តិភាព ដែលបានកំណត់ដាក់ចេញនៅតាមបណ្តាខេត្តនីមួយៗ និងចូលរួមក្នុងការជំរុញការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាតេជោ នៅតាមទីតាំងដែលបានសិក្សា និងកំណត់ដោយក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រយោធា»។

សួនតេជោសន្តិភាព រៀបចំឡើងទៅតាមគំនិតផ្តួចផ្តើម និងដឹកនាំផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានរៀបរាប់អំពីដំណើរការ នៃការអនុវត្តនយោបាយឈ្នះឈ្នះ តាំងបង្ហាញជាតឹកតាងភូមិសាស្ត្រមួយចំនួន ដែលមានលក្ខណៈស៊ីគ្នាតាមភាពជាក់ស្ដែងនៃប្រវត្តិកាលនៃ អនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយនឹងទីតាំងភូមិសាស្ត្រ ដែលមានភាពជាក់ស្ដែងនេះ សួនតេជោសន្តិភាព ក៏ត្រូវបានបំពាក់បន្ថែមដោយសម្ភារៈ និងអាវុធយោធូបករណ៍នានា ដែលបានប្រើប្រាស់ ក្នុងដំណាក់កាលសង្គ្រាមស៊ីវិល។ សួននេះក៏ក្លាយទៅជាសំណង់ប្រវិត្តសាស្ត្រ ដែលត្រូវបានប្រជាជនសាទរ ទស្សនា និងចាត់ទុកថា ជាដំណើរការអនុវត្តលើភូមិសាស្ត្រជាក់ស្ដែង។

រាជរដ្ឋាភិបាល​បាន​កំណត់​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា​ នៅ​តំបន់៨៧​ ស្ថិតនៅ​យោធ​​ភូមិភាគ​ទី៣​ យោធភូមិភាគ​ទី៤​ យោធភូមិភាគ​ទី៥​ និង​តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្រ្ត​​អន្លង់វែង​ ដែ​លតំ​​បន់​​ទាំងនោះ​ស្ថិតនៅ​ក្នុង​ខេត្ត​ចំនួន១២​។​ យោង​តាម​អនុក្រឹត្យ​​របស់​រដ្ឋាភិបាល​ ស្តី​ពី​ការកំណត់​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ តាមរយៈអនុក្រឹត្យលេខ ១៥៥ អនក្រ បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

ការបង្កើត​តំបន់​ប្រវត្តិសាស្ត្រ​ដែល​​គេ​ហៅថា​ «តំបន់​មរតក​ប្រវត្តិសាស្ត្រ​តេជោ​»នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ធានា​​ភាព​​ពិតប្រាកដ​​នៃ​សច្ចភាព​ប្រវត្តិ​សាស្រ្ត​​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​រៀនសូត្រ​ និង​លើកកម្ពស់​គុណ​តម្លៃ​នៃ​នយោបាយ​​ឈ្នះ​ឈ្នះ​ ពី​កម្រិត​ជាតិ​ទៅអន្តរជាតិ​ដែល​ក្លាយជា​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ពិភពលោក​៕