(កំពត)៖ អតីតសិស្សវិទ្យាល័យព្រះរាជសម្ភារ សិ្ថតក្នុងភូមិស្នំប្រាំពី ឃុំស្នំប្រាំពី ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំពិធី «រំលឹកគុណគ្រូ និងការជួបជុំអតីតសិស្សរួមជំនាន់បាក់ឌុបឆ្នាំ១៩៩៩» ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ វិទ្យាល័យព្រះរាជសម្ភារ៨៨នាក់ ក្នុងនោះរួមទាំងលោកគ្រូ អ្នកគ្រូចូលនិវត្តន៍៨នាក់ និងអតីតសិស្ស១៥០នាក់សរុប២៣៨នាក់ ក្រោមវត្តមានលោក ជី ឆាយ នាយកវិទ្យាល័យព្រះរាជសម្ភារ។
លោក ស៊ិវ ឈាន់ ប្រធានក្រុមរៀបចំកម្មវិធី បានឲ្យដឹងថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បី ទី១-រំលឹក និងសម្ដែងការគោរពដឹងគុណចំពោះលោកគ្រូ អ្នកគ្រូដែលបានផ្តល់ចំណេះដឹងជាច្រើន ទី២-រឹតចំណងមិត្តភាពសាមគ្គីភាព នៃសិស្សរួមជំនាន់ និងបានជួបជុំគ្នាដឹងពីសុខទុក្ខគ្នាទៅវិញទៅមក ទី៣-ជួបជុំរំលឹកអនុស្សាវីយ៍រវាងគ្នា និងគ្នា នៃសិស្សរួមជំនាន់ទាំងអស់ ទី៤-គៀងគររកថវិកាមូលនិធិសម្រាប់ជួយទ្រទ្រុងដល់សាលា ដូចជាជួយលាបថ្នាំពណ៌ ទៅលើជញ្ជំងអាគារសាលាដែលចាស់ៗ ឧបត្ថមជាស៊ីម៉ងត៍១តោន សម្រាប់ចាក់បំពេញទីធ្លា និងផ្លូវដើរក្នុងសាលា ព្រមទាំងចូលរួមដាំកូនឈើប្រណិតៗ២០០ដើមទៀតផង។
លោក ជី ឆាយ នាយកវិទ្យាល័យព្រះរាជសម្ភារ បានលើកឡើងថា រូបលោកផ្ទាល់ពិតជាមានសេចក្តីសោមន្សរីករាយជាខ្លាំង ដោយឃើញសកម្មភាពបែបនេះ ឱកាសក្នុងរៀបចំពិធីនេះឡើងបាន ក៏អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព យ៉ាងពេញលេញ និងដោយមានការអភិវឌ្ឍនរីកចម្រើនឥតឈប់ឈរ ហើយទើបមានលទ្ធភាពចេញទៅប្រកបការងារបានរៀងខ្លួនៗ ជាពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចបង្តើតឲ្យមានសាលារៀន មានផ្លូវថ្នល់ខ្វាត់ខ្វែង ថែមទាំងបង្កើតឲ្យមាន ទិវាបុណ្យរំលឹកគុណគ្រូទៀតផង។
លោកនាយក បានកោតសសើរចំពោះទឹកចិត្តរបស់ប្អួនៗ ជាអតីតសិស្សវិទ្យាល័យព្រះរាជសម្ភារ ដែលបានរៀចំឲ្យមានពិធីនេះឡើង គឺបានបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព របស់អតីតសិស្សគ្រប់ជំនាន់ ដែលកើតចេញពីខេត្តតែមួយ និងវិទ្យាល័យតែមួយ ចេះស្រលាញ់គ្នានឹករលឹកដឹងគុណ ចំពោះលោកគ្រូ អ្នកគ្រូ ដូចជាមាតាបិតាទី២ ដែលបានអប់រំផ្ទេរនូវចំណេះដឹង បញ្ញា និងដំបូន្មានដ៏ល្អៗ ជាច្រើនឥតគណនា ព្រមទាំងលើកទឹកចិត្តឲ្យមានការរៀបចំកម្មវិធីនេះ ជារៀងរាល់ឆ្នាំបន្តទៀត។
សូមជម្រាបថា នៅក្នុងវិធីនេះ ដែរក៏មានការរៀបចំអាហារសាមគ្គី ជាមួយលោកគ្រូ អ្នកគ្រូ ដែលធ្លាប់បានបង្រៀននៅទីនេះ និងអតីសិស្ស ដើម្បីបង្ហាញពីភាពស្និតស្នាលនឹករលឹក និងជាការតបស្នងសងគុណចំពោះគាត់ ហើយនៅក្នុងពិធីនេះដែរ ក៏មានជាកាដូអនុស្សាវរីយ៍បន្តិចបន្តួច ដល់លោកគ្រូ អ្នកគ្រូ ដែលជាអ្នកមានគុណទី២ និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។
គួររំលឹកផងថា វិទ្យាល័យព្រះរាជសម្ភារ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៥៩ ក្រោមជំនួយឧបត្ថមពីរាជរដ្ឋាភិបាល មកដល់ពេលនេះ វិទ្យាល័យព្រះរាជសម្ភារ មានសិស្សរៀន១២៩១ លោកគ្រូ អ្នកគ្រូ៨៨នាក់ មានអាគារសិក្សា១១ខ្នង ស្មើនឹង៤៩បន្ទប់សិក្សា៕