(ត្បូងឃ្មុំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការប្រារព្ធខួបលើកទី៤៧ នៃដំណើរឆ្ពោះទៅរកការរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត បង្ហាញពីស្មារតីចងចាំជានិច្ច ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ក្នុងពិធីនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ដែលប្រព្រឹត្តទៅនៅតំបន់​ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ត​ត្បូង​ឃ្មុំ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់ យុទ្ធជន-យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បាននាំឲ្យកម្ពុជា អាចរំដោះមាតុភូមិដ៏កម្សត់ពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងរបស់ប៉ុលពត និងនាំឱ្យកម្ពុជាកសាងបានសុខសន្តិភាព ស្ថិរភាពសង្គមជាតិ និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃនេះយើងប្រារព្ធខួបលើកទី៤៧ ក្នុងស្មារតីចងចាំជានិច្ចដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង»

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលកម្ពុជាដឹងគុណជានិច្ច ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់ជនរួមជាតិទាំងអស់ ដែលឆ្លុះបញ្ចាំងតាមរយៈការរៀបចំព្រឹត្តិការណ៍ទិវានៃការចងចាំនេះ ជារៀងរាល់ឆ្នាំ ដើម្បីអរគុណពុកម៉ែ បងប្អូន ក្មួយៗអ្នកភូមិកោះថ្ម ដែលតែងមានការជឿជាក់ចំពោះ សម្តេចតេជោ ហ៊ុន សែន តាំងពីដើមមក ចាប់តាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ហើយនឹងដល់ឆ្នាំ១៩៧៧។

បន្ថែមពីនេះ សម្ដេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ក៏នៅចងចាំជានិច្ចនូវសច្ចភាពជាប្រវត្តិសាស្ត្រចំពោះកងទ័ពស្ម័គ្រចិត្ត និង ជំនាញការវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ចូលរួមជួយកម្ពុជា នៅក្នុងបុព្វហេតុរំដោះជាតិ និង ប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ បុព្វបុរស យុទ្ធជន យុទ្ធនារី កុលបុត្រ កុលធីតាខ្មែរ អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាជាទីស្នេហា និង បុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ ប្រទេសជាតិ និង ប្រជាជនកម្ពុជា តាមរយៈចលនាតស៊ូ និងការបំពេញភារកិច្ចគ្រប់បែបយ៉ាងឆ្លង កាត់គ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្ររហូតឈានដល់ការសម្រេចបានសមិទ្ធផលធំៗជាច្រើន សម្រាប់ប្រទេសជាតិ ថែរក្សាការពារបានរឹងមាំនូវសុខសន្តិភាព អធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍ។

សូមជម្រាបថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជារយៈពេល៤៧ឆ្នាំហើយ ដែលសម្តេច​តេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជា​ដើម​ទុន​ចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជា​ជន​កម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត និងបក្ខពួក។

ថ្ងៃជាប្រវត្តិសាស្ត្រនៃការរំដោះប្រជាជាតិកម្ពុជាចេញពីឋាននរកនៃរបបខ្មែរក្រហមនេះ ដូច​ទៅនឹងរាល់ឆ្នាំដែរ គឺមានការៀបចំពិធីរំលឹកដល់ព្រឹត្តិការណ៍នៃដំណើរតស៊ូនោះ នៅតំបន់​ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ត​ត្បូង​ឃ្មុំ៕