(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ពលរដ្ឋកម្ពុជា ត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យបានគង់វង្សឋិតថេរ ទោះបីត្រូវបង់ដោយតម្លៃណាក៏ដោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីរំលឹកខួបលើកទី៤៧ឆ្នាំ នៃដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឈានឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ នៅតំបន់​ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ត​ត្បូង​ឃ្មុំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការណ៍នេះហើយ ដែលបង្ហាញថា សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព ពិបាកណាស់ ពុំនោះសោត រាប់តំណរមនុស្ស ក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ អាស្រ័យហេតុនេះ យើងត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាព ដែលបានដោយលំបាកបំផុត ឱ្យបានឋិតឋេរ មិនឱ្យបំផ្លាញបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ»។

បើតាមប្រសាសន៍សម្តេចធិបតី ប្រវត្តិសាស្ត្រ ដែលមានភាពច្បាស់លាស់ ពិតជាមានសារៈសំខាន់របស់ប្រទេសនីមួយៗ ក៏ដូចជាទំនាក់ទំនងរវាងប្រទេស និងប្រទេស។ ដូចដែលថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរកម្ពុជា និងវៀតណាម តែងតែបានលើកជារឿយៗ កម្ពុជានិងវៀតណាម មានប្រវត្តិជួយគ្នាទៅវិញទៅមក នៅក្នុងការដណ្តើមឯករាជ្យ ពីរបបអាណានិគម។ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ធ្លាប់បានជួយវៀតណាម ក្នុងបុព្វហេតុរំដោះប្រទេស និងឈានដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ។ ដូចគ្នាដែរ

សម្តេចបានបន្តថា ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ក៏បានជួយកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាង អភិវឌ្ឍប្រទេសផងដែរ។ នេះជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលប្រជាជននៃប្រទេសយើងទាំងពីរត្រូវយល់ឱ្យច្បាស់ ដើម្បីចៀសវាងការយល់ច្រឡំ តាមរយៈការបកស្រាយណាមួយ ដែលមិនមានមូលដ្ឋានប្រវត្តិសាស្ត្រជាក់ស្តែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ខ្ញុំសូមឱកាស ដ៏ឧត្តុង្គឧត្តមនេះ ឧទ្ទិសដល់វិញ្ញាណក្ខន្ធបុព្វបុរស យុទ្ធជន យុទ្ធនារី កុលបុត្រ កុលធីតា អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិកម្ពុជាជាទីស្នេហានៃយើង និងបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញ របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈចលនាតស៊ូ និងបំពេញភារកិច្ចគ្រប់បែបយ៉ាង ឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រ រហូតឈានសម្រេចបានសមិទ្ធផលធំៗជាច្រើន របស់ប្រទេសជាតិ ថែរក្សាការពារបាននូវសុខសន្តិភាព អធិបតេយ្យ ឯកភាពជាតិ និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ»។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសដឹងគុណ និងគុណូបការៈយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯក ក៏ដូចជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា និង កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានធ្វើពលិកម្មដ៏ធំធេង រហូតដល់ការសម្រេចបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា៕