(ភ្នំពេញ)៖ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៉ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា «EZECOM» មានមោទនភាពក្នុងការក្លាយជា Premium Sponsor របស់កម្មវិធីបណ្តាញពាណិជ្ជកម្ម (KJCC) លើកទី៤ ដែលនឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅសណ្ឋាគារ InterContinental ចាប់ពីម៉ោង៥៖៣០នាទី ដល់ម៉ោង ៩យប់ ដោយកម្មវិធីនេះ រៀបចំឡើងដោយ ទស្សនាវដ្តី Life Plaza ទស្សនាវដ្តី Phnom គេហទំព័រ Coupon King និង PEOPLEiN។
សម្រាប់ព្រឹត្តិការណ៍ KJCC លើកទី៣ ត្រូវបានរៀបចំឡើងដោយជោគជ័យ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ នៅសណ្ឋាគារសុខា។ កម្មវិធីនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រព័ន្ធផ្សព្វផ្សាយ និងបានទាក់ទាញពាណិជ្ជករថ្នាក់លើ ជាង ៣៥០ នាក់ មកពីបណ្តាប្រទេសអាស៊ី រួមទាំងប្រទេសកម្ពុជា ចិន ជប៉ុន និងកូរ៉េ។
សម្រាប់ឆ្នាំនេះ ព្រឹត្តិការណ៍ KJCC លើកទី៤ មានគោលបំណងក្នុងការផ្តល់ ឱកាសពាណិជ្ជកម្មអន្ដរជាតិលំដាប់ខ្ពស់ និងដើម្បីផ្តល់នូវវេទិកាមួយ សម្រាប់ការទំនាក់ទំនងរវាងពាណិជ្ជករកម្ពុជា ចិន ជប៉ុន កូរ៉េ និងបណ្តាអាជីវករអន្ដរជាតិ ផ្សេងៗទៀត។
ក្រុមហ៊ុន «EZECOM» ជឿជាក់ថាព្រឹត្តិការណ៍នេះ នឹងក្លាយជាវេទិកាមួយ ដ៏ទូលាយសម្រាប់ពាណិជ្ជករនានា ក៏ដូចជាជួយសម្រួលដល់ទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការ បន្ថែមទៀតសម្រាប់ពាណិជ្ជកម្ម របស់ពួកគេ។ ក្រុមហ៊ុន «EZECOM» ធ្វើការលើកទឹកចិត្តដល់ពាណិជ្ជករទាំងអស់ ក្នុងការចូលរួមក្នុងកម្មវិធីនេះ ដើម្បីក្លាយជាផ្នែកមួយ នៃសហគមន៍ពាណិជ្ជករ ដ៏អស្ចារ្យនេះ។
លោកស្រី Carrie Sun តំណាងផ្នែកលក់ និងផ្នែកទីផ្សាររបស់ ក្រុមហ៊ុន ENJOY CAMBODIA ប្រចាំនៅកម្ពុជាបានឲ្យដឹងថា សព្វថ្ងៃនេះវិនិយោគិនធំបំផុត ក្នុងប្រទេសកម្ពុជា ដែលជួយជម្រុញដល់សេដ្ឋកិច្ចជាតិ គឺមកពីបណ្តាប្រទេសចិន ជប៉ុននិង កូរ៉េខាងត្បូង។ «ដូច្នេះ យើងក៏មានគំនិតក្នុងការបង្កើត ឲ្យមាននូវវេទិកាសម្រាប់អ្នកជំនួញ មកពីបណ្តាប្រទេសទាំងបីជួបជុំ និង ដើម្បីបង្កើតឱកាសពាណិជ្ជកម្ម ហើយយើងបានអញ្ជើញប្រធាន និងឥស្សរជនមកពីក្រុមហ៊ុននានា របស់ប្រទេសទាំងបីនេះ ដោយសង្ឃឹមថា តាមរយៈវេទិកានេះ ព័ត៌មានស្តីពីពាណិជ្ជកម្ម ក្នុងបណ្តាប្រទេសទាំងបី នឹងត្រូវបានចែករំលែក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសទាំងបី»។
លោកស្រី បានបន្ថែមទៀតថា គ្រប់គ្នាគួរយល់ដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយរាជធានីភ្នំពេញបានក្លាយ ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ជាមួយនឹងការវិនិយោគ យ៉ាងច្រើនពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងអាស៊ី។
លោក Yves Schaeffer នាយកប្រតិបត្តិ របស់ក្រុមហ៊ុន«EZECOM»បានថ្លែងផងដែរថា គំនិតនៃការពង្រីកបណ្តាញ អាជីវកម្មនេះ ជាមូលហេតុសំខាន់ក្នុងការឧបត្ថម្ភកម្មវិធីនេះ។
«វត្តមានរបស់វិនិយោគិនថ្មី គឺមានសារៈសំខាន់ណាស់ សម្រាប់ការលើកកម្ពស់ហិរញ្ញវត្ថុរបស់កម្ពុជា ហើយយើងសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការបន្ថែមរួមជាមួយ នឹងការវិនិយោគ និងការរីកដុះដាល នៃសហគមន៍ពាណិជ្ជកម្មនៅក្នុង ប្រទេសផងដែរ។ ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវា អ៉ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា យើងសូមលើកទឹកចិត្ត ពាណិជ្ជករមកពីគ្រប់មជ្ឈដ្ឋានក្នុងការចូលរួម និងកសាងទំនាក់ទំនង ដើម្បីលើកកម្ពស់ទីផ្សារ របស់ប្រទេសកម្ពុជា»។
សម្រាប់ព័ត៌មានបន្ថែម ពីសំបុត្រចូលរួម ឬកម្មវិធីនេះ សូមទាក់ទងទៅកាន់ លោក Hongfei Liu តាមរយៈលេខទូរស័ព្ទ៖ (855) 69 200 286 ឬ អ៉ីម៉ែល [email protected]៕