(ភ្នំពេញ)៖ នៅទីបំផុតលោក សម វឌ្ឍនា អតីតប្រធានគណបក្ស សម រង្ស៉ី ប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាអតីតប្រធានគណបក្សសង្រ្គោះជាតិ ប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជាប្រធានទំនាក់ទំនងសាធារណៈ CNRPO បានប្រកាសដើរចេញគណបក្សប្រឆាំង ដោយគោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈលិខិតចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ របស់លោក សម វឌ្ឍនា បានបញ្ជាក់យ៉ាងដូច្នេះថា៖

«រយៈពេលជាង២០ឆ្នាំនៃជីវិតនយោបាយ និងឆ្លងកាត់វ័យ៥៩ឆ្នាំកន្លងមកនេះ ខ្ញុំបាទបានមើលឃើញយ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ កំលាំងនយោបាយរឹងមាំ និងមានចក្ខុវិសយ័នយោបាយវែងឆ្ងាយ ដើម្បីធានាស្ថេរភាពនយោបាយ និងធានាសន្តិភាពជាតិ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការបន្តអភិវឌ្ឍន៏សង្គម និងអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ឲ្យបានរីកចម្រើនរុងរឿងបន្តទៅមុខទៀត»។

លោក សម វឌ្ឍនា បានសង្កត់ធ្ងន់បន្ថែមតាមរយៈលិខិតយ៉ាងដូច្នេះថា៖ «នាទីចុងក្រោយ ដែលធ្វើឲ្យខ្ញុំបាទសម្រេចចិត្តសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ១០០% គឺដោយសារខ្ញុំបាទមិនពេញចិត្ត ទៅនិងមេដឹកនាំប្រឆាំងជ្រុលនិយម ដែលព្យាយាមប្រឆាំងទៅ និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការប្រឆាំងបែបរារាំងទប់ស្កាត់ក្នុងគោលបំណងបំផ្លាញផលប្រយោជន៏ជាតិ និងផលប្រយោជន៏ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលផលបានពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលខ្ញុំបាទមិនអាចទទួលយកបាន»។

សូមជំរាបថា លោក សម វឌ្ឍនា គឺជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលបង្រៀនបន្ថែមនៅទីក្រុងស្តុកតុន រដ្ឋកាលីហ្វរ័ញ៉ា, ហើយលោក និងភរិយា គឹជាម្ចាស់ភោជនីយដ្ឋានខ្មែរមួយកន្លែង មានឈ្មោះ «បាយ័ន» នៅទីក្រុងស្តុកតុន សហរដ្ឋអាមេរិក៕