(ភ្នំពេញ)៖ លោក តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្ញើលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើលិខិតចូលរួមអបអរសាទរ ក្នុងឱកាសរូបលោក ត្រូវបានរដ្ឋសភាបោះឆ្នោត ជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែមិថុនានេះមានខ្លឹមសារដូច្នេះថា «សម្តេចតេជោប្រធានជាទីគោរពរាប់អាន ខ្ញុំមានសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលសារលិខិតអបអរសាទរជាមួយនឹងពាក្យពេចន៍ដ៏ស្មោះស្ម័គ្រ របស់សម្តេចតេជោប្រធាន ក្នុងឱកាសខ្ញុំត្រូវបានរដ្ឋសភាបោះឆ្នោត ជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះជាមហាកិត្តិយសផង និងទំនួលខុសត្រូវដ៏ឧត្តុងឧត្តមផង និងជាកាលានុវត្តភាពសម្រាប់រូបខ្ញុំ និងបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀតរបស់វៀតណាម ខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើប្រទេសជាតិ និងប្រជាជនវៀតណាម។

ក្នុងតួនាទីថ្មីរបស់ខ្លួន ខ្ញុំទន្ទឹងរង់ចាំសហការយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោប្រធាន ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង រវាងវៀតណាម និងកម្ពុជា ដើម្បី ការអភិវឌ្ឍនៃប្រទេសនិមួយៗ ក៏ដូចជាដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ដើម្បីសន្តិភាពស្ថរិភាព កិច្ចសហប្រតិបត្តិការ និងការរីកចម្រើនក្នុងតំបន់ និងលើពិភពលោក។

ឆ្លៀតឱកាសនេះ ខ្ញុំសូមជូនពរសម្តេចតេជោប្រធាន ទទួលនូវសុខភាពល្អបរិបូរណ៍ សុភមង្គល និងបន្តទទួលជោគជ័យជាច្រើនថែមទៀត ក្នុងតួនាទីថ្មីដ៏ខ្ពង់ខ្ពស់របស់ខ្លួន ។ សូមសម្តេចតេជោប្រធាន ទទួលនូវការគោរពរាប់អានយ៉ាងស្មោះស្ម័គ្រពីខ្ញុំ»៕