(ភ្នំពេញ)៖ ដោយសារបញ្ហាអាកាសធាតុក្តៅខ្លាំងក្នុងឆ្នាំនេះ និងអូសបន្លាយពេលយូរ បានធ្វើឱ្យវដ្តជីវិតរបស់ដង្កូវហ្វូងកាន់តែខ្លី ពងឆាប់ញាស់ សុីច្រើន ឆាប់ធំ និងបង្កកំណើតក្នុងល្បឿនលឿន។ រួមផ្សំជាមួយនឹងការបាត់លំនឹងជីវចម្រុះដោយសារកត្តាអាកាសធាតុ បានធ្វើឱ្យបាត់បង់នូវប្រភេទសត្វមានប្រយោជន៍មួយចំនួន ដែលតែងដើរតួនាទីបំផ្លាញពពួកដង្កូវទាំងនេះ។

ចំនួនដង្កូវហ្វូងក៏ចាប់ផ្តើមផ្ទុះឡើងក្នុងបរិមាណច្រើនមួយរំពេច រហូតមកដល់ពេលនេះមានខេត្តជាច្រើនរួចមកហើយបានរាយការណ៍ពីបញ្ហានេះ ព្រមទាំងបានប៉ះពាល់ជាអវិជ្ជមានទៅលើដំណាំច្រើនប្រភេទផងដែរ។ ខណៈពេលនេះ មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាននិងកំពុងប្រញាប់ប្រញាល់ចុះតាមដានការរីករាលដាល ផ្សព្វផ្សាយពីវិធានការឆ្លើយតប និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ។

ហេតុការណ៍ស្រដៀងគ្នានេះធ្លាប់បានកើតឡើងរួចមកហើយនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ ដែលនៅក្នុងពេលនោះ វាបានសុីបំផ្លាញដំណាំរបស់បងប្អូនប្រជាកសិករអស់ជាច្រើននៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ចាម។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម អំពាវនាវដល់ប្រជាកសិករបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំ និងឱ្យបានទៀងទាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ជៀសវាងនូវការខាតបង់ធ្ងន់ធ្ងរមកលើផលដំណាំ។

លោកបានបញ្ជាក់ថា ក្នុងករណីនេះរកឃើញថា មានផ្ទុះដង្កូវហ្វូងនៅក្នុងចម្ការស្រែរបស់ខ្លួន កសិករអាចមានជម្រើសដំណោះស្រាយមួយចំនួនដូចជា៖

*ទី១៖ វិធានការការពារ

+ត្រូវធ្វើការសម្អាតស្មៅនៅតាមភ្លឺស្រែ ឬគម្ពោធព្រៃនៅជុំវិញស្រែដែលជាជម្រករបស់ដង្កូវហ្វូង ឬសមាសភាពចង្រៃផ្សេងៗ
+ជីកចង្អូរមាត់លើដែលមានមុខកាត់ ៣០សម និងជម្រៅ ២០សម រួចរោយផេះ ឬកន្ទក់នៅបាតរណ្តៅដើម្បីបង្អាក់ការធ្វើដំណើររបស់ដង្កូវហ្វូង។

*ទី២៖ វិធានការកម្ចាត់

+ព្រលែងសត្វទាចូលទៅក្នុងស្រែដើម្បីឱ្យហ្វូងទាទាំងនោះស៊ីដង្កូវដែលនៅក្នុងស្រែ
+បើមានប្រភពទឹក គួរបង្ហូរទឹកចូលទៅក្នុងស្រែឱ្យលិចសន្ទូង ឬសំណាបរួចបង្ហូរទឹកចេញវិញហើយយកស្បៃមុង ឬថ្នងដងត្រីត្រង យកដង្កូវហ្វូងកំទេចចោល។

* ទី៣៖ វិធានការគីមី

+សម្រាប់ការប្រើប្រាស់ឱ្យមានប្រសិទិ្ធភាព និងសុវតិ្ថភាព សូមអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំនៅក្នុងស្លាកសញ្ញា និងប្រើប្រាស់តែថ្នាំកសិកម្មណាដែលបានចុះបញ្ជីកានៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕