(ភ្នំពេញ)៖ កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងសេនដៃ (Sendai) ប្រទេសជប៉ុន លោក Susumu Tai បានបញ្ជាក់ពីជំហរដ៏រឹងមាំ ក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល តាមរយៈការខិតខំស្វែងរកជំនួយជារថយន្តគិលានសង្គ្រោះ ឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងផ្តល់អាហាររូបករណ៍ ឱ្យចំតម្រូវការជាក់ស្តែងរបស់ក្រសួង។

ការថ្លែងយ៉ាងដូច្នេះរបស់លោកកុងស៊ុលកិត្ដិយសកម្ពុជា ប្រចាំប្រទេសជប៉ុន ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលប្រព្រឹត្ដទៅនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ លោក Susumu Tai បានថ្លែងបន្ដថា ប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈលោកផ្ទាល់ នឹងផ្តល់ជូននូវរថយន្តគិលានសង្គ្រោះចំនួន ១គ្រឿងបន្ថែមទៀត រួមជាមួយ វ៉ែនតាការពារភ្នែកសម្រាប់ផ្តល់ជូនប្រជាជនកម្ពុជា។ លើសពីនោះ លោកបានសន្យានឹងបន្ដផ្តល់អាហារូបករណ៍បណ្ដុះបណ្តាល ជូនដល់មន្ត្រីសុខាភិបាលកម្ពុជា ទៅសិក្សាជំនាញ នៅសាកលវិទ្យាល័យក្នុងទីក្រុងសេនដៃ ប្រទេសជប៉ុនផងដែរ។

ជាមួយគ្នានោះ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈលោកកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងសេនដៃ ប្រទេសជប៉ុន ចំពោះជំនួយសប្បុរសនានា និងកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យបានបន្តលើកឡើងផងដែរពីតម្រូវការជំនួយនូវរថយន្តគិលានសង្គ្រោះបន្ថែមទៀតនេះ រួមទាំងឧបករណ៍សម្ភារៈបរិក្ខារពេទ្យ និងការផ្តល់អាហាររូបករណ៍បណ្តុះបណ្តាលសមត្ថភាពបន្ថែម លើផ្នែកបច្ចេកទេស សុខភាពសាធារណៈ និងទំនាក់ទំនងអន្តរជាតិជាដើម ដែលនេះជាការរួមចំណែកដ៏សំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា និងជួយលើកកម្ពស់សម្ថភាពបុគ្គលិកសុខាភិបាល និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាលនៅកម្ពុជា ឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។

ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕