Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តស្វាយរៀង រួមគ្នាពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យ ឆែកឆេរ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំ

19-06-2024 21:05

(ស្វាយរៀង)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារប្រតិបត្តិការ ព្រមទាំងពិនិត្យការអនុវត្តសកម្មភាពត្រួតពិនិត្យ និងឆែកឆេរក្នុងការប្រតិបត្តិការព្រំដែនទន្លេមេគង្គ នៅច្រកទ្វារអន្តរជាតិបាវិត ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដោយបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែន BLO បាវិត និងឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងវត្តមានចូលរួមពីមន្រ្តីរាជការ គយ កងកម្លាំងប្រដាប់អាវុធនិងអ្នកពាក់ព័ន្ធពីបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្តនិងក្រុងបាវិត។

ក្នុងនាមលោក ប៉េង ពោធិ៍សា អភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្នុងឱកាសនោះ បណ្ឌិត តូច ប៉ូលីវ៉ា បានថ្លែងថា ការពង្រឹងការងារគ្រប់គ្រង ត្រួតពិនិត្យ ឆែកឆេរ ស្វែងរក និងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ និងសារធាតុគីមីផ្សំ ត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូន រថយន្តដឹកទំនិញ អ្នកធ្វើដំណើរ (ចេញ-ចូល) ឆ្លងកាត់ព្រំដែន គឺពិតជាបានបង្កើនប្រសិទ្ធភាព ដល់ការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងលុបបំបាត់ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង បានថ្លែងអំណរគុណដល់គ្រប់សមាសភាពពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ ទទួលបានលទ្ធផលជួយ ឲ្យមានសុវត្ថិភាពពីគ្រឿងញៀន បន្តការអភិវឌ្ឍរីកចម្រើន។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានជម្រាបជូនថា ការធ្វើលំហាតលើកទី២ ក្រោយពីទទួលបានបទពិសោធន៍លំហាត់ទី១ នៃការល្បាតចល័តត្រួតពិនិត្យតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម កម្ពុជា-ថៃ និងកម្ពុជា-ឡាវ ព្រោះថាបើគ្រប់ប្រទេសប្រតិបត្តិបានល្អលើលំហាត់ល្បាតនេះ យើងនឹងអាចបង្ការ ទប់ស្កាត់បាននូវបទល្មើសឆ្លងកាត់ព្រំដែន ពិសេសបទល្មើសគ្រឿងញៀន៕