(ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់សន្ទរកថាបើកក្នុងវេទិកាទំនាក់ទំនងអនាគតអាស៊ាន-ចិន។

វេទិកានេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែមានសារៈសំខាន់»។ វេទិកានេះ មានសម័យប្រជុំចំនួន ៣ រួមមាន (១) ប្រកាន់ខ្ជាប់តំបន់និយម (២) វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (៣) កិច្ចសន្ទនាជាមួយយុវជន។

លោកបណ្ឌិត កៅ គឹមហួន ក៏បានបន្ដជួបពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

នៅក្នុងឱកាសនោះ កិច្ចពិភាក្សា និងការផ្លាស់ប្តូរទស្សនៈបានផ្តោតលើការងារកំពុងបន្តរបស់អាស៊ាន និងរកវិធីដើម្បីនាំអាស៊ាន ឲ្យទៅកាន់តែជិតជាមួយប្រជាជននៃប្រទេសសមាជិកនីមួយៗ ក៏ដូចជា រកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីភាពប្រសើរឡើងរបស់ប្រជាជនអាស៊ាន។

នៅព្រឹកថ្ងៃដដែល នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកស្រី Sarah Al Bakri Devadason បានជូនសារតាំងជា តំណាងអចិន្ត្រៃយ៍ម៉ាឡេស៊ីប្រចាំអាស៊ាន ដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងការជួបសំដែងការគួរសម ដែលបានប្រព្រឹត្តទៅបន្ទាប់ពីការជូនសារតាំង លោកបណ្ឌិត កៅ គឹមហួន បានអបអរសាទរ លោកស្រី Sarah Al Bakri Devadason សម្រាប់តួនាទីថ្មីរបស់គាត់ និងបានបង្ហាញទំនុកចិត្តចំពោះសមត្ថភាពរបស់លោកជំទាវ ក្នុងការចូលរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មតំបន់។

អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី នៅឆ្នាំក្រោយគឺមានសារៈសំខាន់ណាស់ ដោយសារវាហ៊ុំព័ទ្ធទៅដោយព្រឹត្តិការណ៍សំខាន់ៗដូចជា ការពិនិត្យឡើងវិញចុងក្រោយនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាមួយនឹងផែនការយុទ្ធសាស្ត្រចំនួន ៤ របស់សសរស្តម្ភសហគមន៍អាស៊ាន និងការតភ្ជាប់អាស៊ាន។

លើសពីនេះ អគ្គលេខាធិការអាស៊ាន បានកោតសរសើរការដឹកនាំរបស់ម៉ាឡេស៊ី ក្នុងការធ្វើសហប្រធានក្នុងកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។

លោកបណ្ឌិត កៅ គឹមហួន ទន្ទឹងធ្វើទស្សនកិច្ចការងារទៅប្រទេសម៉ាឡេស៊ី នៅឆ្នាំនេះ ដើម្បីជួបជាមួយបណ្តារដ្ឋមន្ត្រីសំខាន់ៗ នៃសសរស្តម្ភទាំង ៣ របស់សហគមន៍អាស៊ាន ដើម្បីជួយគាំទ្រចំពោះការត្រៀមធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥ របស់ម៉ាឡេស៊ី។

បណ្ឌិត កៅ គឹមហួន ក៏បានកោតសរសើរចំពោះតួនាទីរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដា ពីឆ្នាំ២០២១ ដល់ ២០២៤ ហើយបានកត់សម្គាល់ថា ចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៧ ម៉ាឡេស៊ី នឹងទទួលភារកិច្ចជាប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។

អគ្គលេខាធិការអាស៊ាន បានបញ្ជាក់សាជាថ្មី ចំពោះការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវតំណាងអចិន្ត្រៃយ៍ និងស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ម៉ាឡេស៊ី ប្រចាំអាស៊ាន ហើយបានជូនពរឱ្យលោកជំទាវ ទទួលបានជោគជ័យក្នុងតួនាទីថ្មី។

លោកស្រី Sarah គឺជាតំណាងអចិន្ត្រៃយ៍ទី ៦ របស់ម៉ាឡេស៊ី ប្រចាំអាស៊ាន ចាប់តាំងពីគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩។ លោកស្រី Sarah ធ្លាប់ធ្វើជាឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំអាល្លឺម៉ង់ ពីឆ្នាំ២០១៧ ដល់ ២០២០ និងជាតំណាងអចិន្ត្រៃយ៍រងម៉ាឡេស៊ី ប្រចាំអាស៊ាន ពីឆ្នាំ២០១០ ដល់ ២០១៣។

បន្ទាប់មកនៅរសៀលថ្ងៃដដែល នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោក Nicholas Panayiotou បានជូនសារតាំងជាឯកអគ្គរដ្ឋទូត សាធារណរដ្ឋស៊ីបប្រចាំអាស៊ាន ដល់បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

បណ្ឌិត កៅ គឹមហួន បានស្វាគមន៍ និងអបអរសាទរ លោក Nicholas Panayiotou ចំពោះភារកិច្ចថ្មីនេះ ហើយបានបញ្ជាក់សាជាថ្មី នូវការត្រៀមខ្លួនជាស្រេចរបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីធ្វើការយ៉ាងជិតស្និទ្ធ ជាមួយលោកឯកអគ្គរដ្ឋទូត និងស្ថានទូតស៊ីប។

លោក Nicholas Panayiotou បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ប្រទេសស៊ីប ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ទាំងតាមរយៈទ្វេភាគី និងតាមរយៈក្របខណ្ឌអាស៊ាន-សហភាពអឺរ៉ុប។ ការប្តេជ្ញាចិត្តរបស់ប្រទេសស៊ីប ក្នុងការបង្កើតទំនាក់ទំនងកាន់តែខ្លាំងក្លាជាមួយតំបន់ ត្រូវបានមើលឃើញច្បាស់ជាមួយនឹងការបង្កើតស្ថានទូតក្នុងទីក្រុងហ្សាការតានាពេលថ្មីៗនេះ។

លោកបណ្ឌិត កៅ គឹមហួន ក៏បានលើកទឹកចិត្ត្យឯកអគ្គរដ្ឋទូ ចូលរួមជាមួយសហគមន៍ការទូត ក្នុងទីក្រុងហ្សាការតា ជាពិសេសជាមួយស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសសមាជិកអាស៊ាន ប្រចាំអាស៊ាន ព្រមទាំងឯកអគ្គរដ្ឋទូតនៃប្រទេសដែលមិនមែនជាសមាជិកអាស៊ានផ្សេងទៀតប្រចាំអាស៊ាន។

ភាគីទាំងពីរ បានកត់សម្គាល់ពីតម្រូវការក្នុងការរិះរកកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការចូលរួមពីវិស័យឯកជន ក៏ដូចជា បង្កើនទំហំពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។

បណ្ឌិត កៅ គឹមហួន បានថ្លែងថា អាស៊ានទន្ទឹងសហការជាមួយស៊ីប ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក ដែលស៊ីបមានជំនាញ និងភាពខ្លាំង ទាំងតាមរយៈទ្វេភាគី និងតាមរយៈក្របខណ្ឌអាស៊ាន-សហភាពអឺរ៉ុប។

លោក Panayiotou បានថ្លែងថា សម្រាប់ប្រទេសស៊ីប ជាកិត្តិយសណាស់ដែលបានជូនសារតាំងដល់អគ្គលេខាធិការអាស៊ាន។ ប្រទេសស៊ីប ប្តេជ្ញាយ៉ាងខ្លាំងក្លាក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។ ខ្ញុំទន្ទឹងបង្កើនទំនាក់ទំនងជាមួយលេខាធិការដ្ឋានអាស៊ាន និងសមាជិកអាស៊ាន ដើម្បីរៀនសូត្រពីបទពិសោធន៍ និងចក្ខុវិស័យរបស់ពួកគេ។

លោក Panayiotou គឺជាឯកអគ្គរដ្ឋទូតទី១ របស់ប្រទេសស៊ីប ប្រចាំអាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា។ ឯកអគ្គរដ្ឋទូតមុន មានមូលដ្ឋាននៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានបន្ដជួបជាមួយអ្នកចូលរួមជាយុវជន ក្នុងវេទិកាទំនាក់ទំនងអនាគតអាស៊ាន-ចិន។

ជំនួបនេះ មានគោលបំណងពង្រឹងកិច្ចសន្ទនា និងអន្តរកម្មប្រកបដោយអត្ថន័យ ដោយសង្ឃឹមថានឹងទទួលបានការពិភាក្សាដ៏រស់រវើក ផុសផុល រវាងអគ្គលេខាធិការអាស៊ាន និងអ្នកចូលរួមដែលជាយុវជន ស្តីពីតួនាទីដ៏សំខាន់របស់យុវជនក្នុងការរៀបចំអនាគតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូតំបន់ ដែលជាផ្នែកនៃវេទិកាទំនាក់ទំនងអនាគតអាស៊ាន-ចិន។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានទទួលជួបពិភាក្សាការងារជាមួយបណ្ឌិត Pham Lan Dung ប្រធានស្តីទីបណ្ឌិតសភាការទូតវៀតណាម។

នៅក្នុងឱកាសនោះ បណ្ឌិត Pham Lan Dung បានថ្លែងអំណរគុណ អគ្គលេខាធិការអាស៊ាន សម្រាប់ការគាំទ្រចំពោះគំនិតផ្តួតផ្តើមនានារបស់បណ្ឌិតសភាការទូតវៀតណាម រួមទាំង តាមរយៈការចូលរួមក្នុងវេទិកាអនាគតអាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ នៅប្រទេសវៀតណាម។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ ស្តីពីកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើទៅបានរវាងអាស៊ាន និងបណ្ឌិតសភាការទូតវៀតណាម ជាដើម៕