(ហ្សឺណែវ, ស្វីស)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពី «ភាពជាដៃគូវិស័យឯកជនឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន» «Side Event: Private Sector Partnership Towards A Mine-Free World»។

ក្នុងកិច្ចប្រជុំនេះ តំណាងវិស័យឯកជនកម្ពុជា ក៏បានចូលរួមជាវគ្មិនចែករំលែកនូវទស្សនៈវិស័យ និងទិដ្ឋភាពទូទៅរបស់ខ្លួន សម្រាប់កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រួមមាន លោក Gabriel Tan តំណាងមូលនិធិព្រីនស៍ លោកឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្ពុជាប្រចាំកម្ពុជា និងលោក Albert Tan អនុប្រធាន TAFTAC។

កិច្ចប្រជុំនេះ បានផ្តោតលើភាពជាដៃគូដ៏មានសក្ដានុពល និងអាចដោះស្រាយវិបត្តិមីនជាសកល ក៏ដូចជាបង្ហាញពីវិធីជាច្រើនដែលវិស័យឯកជនអាចរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងការបោសសម្អាតមីន មនុស្សធម៌ និងបង្កើនល្បឿននៃការធ្វើដំណើរឆ្ពោះទៅកាន់ពិភពលោកមួយដែលគ្មានមីន។ កិច្ចប្រជុំនេះ នឹងផ្តល់ការយល់ដឹង និងយុទ្ធសាស្ត្រដ៏មានតម្លៃសម្រាប់ការជំរុញភាពជាដៃគូដ៏រឹងមាំរវាងវិស័យឯកជន និងភាគីពាក់ព័ន្ធការបោសសម្អាតមីនមនុស្សធម៌។

បណ្ឌិត លី ធុជ បានលើកឡើងថា គ្រាប់មីនបន្តគំរាមកំហែងដល់អាយុជីវិត រំខានដល់ការចិញ្ចឹមជីវិត និងរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលជាឧបសគ្គដ៏ធំធេងចំពោះសុខសន្តិភាព ប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក។ ទោះបីជាមានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ដែលធ្វើឡើងតាមរយៈសន្ធិសញ្ញាអន្តរជាតិ និងការផ្តួចផ្តើមការដោះមីនក៏ដោយ ក៏បញ្ហាប្រឈមនៅតែមានច្រើន និងទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នានៅគ្រប់វិស័យ។

បណ្ឌិត លី ធុជ បន្តទៀតថា វិស័យឯកជនដែលមានធនធានច្រើន មានជំនាញ និងសមត្ថភាពច្នៃប្រឌិត គឺមិនអាចខ្វះបាននៅក្នុងបេសកកម្មនេះ។ ការរួមចំណែកពីវិស័យឯកជន នឹងអាចជួយដោះស្រាយវិបត្តិមីនជាសកល និងបង្កើនល្បឿននៃការធ្វើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន។ ការរួមចំណែកនេះ កំពុងជំរុញការច្នៃប្រឌិត និងការបង្កើតការគាំទ្រប្រកបដោយនិរន្តរភាពសម្រាប់គំនិតផ្តួចផ្តើមការដោះមីន និងសុខុមាលភាពសង្គម៕