(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ភាគីសិង្ហបុរី ពង្រីកជើងហោះហើររបស់ខ្លួនមកកាន់កម្ពុជា ដោយការបើកជើងហោះហើរត្រង់ ពីសិង្ហបុរី មកកាន់ក្រុងព្រះសីហនុ។

បន្ថែមពីនេះ សម្តេចក៏បានស្នើឱ្យសិង្ហបុរី បង្កើនជើងហោះហើរដែលមានស្រាប់ ពីសិង្ហបុរី មករាជធានីភ្នំពេញ និងពីសិង្ហបុរី មកកាន់ក្រុងសៀមរាប-អង្គរ។

ការពង្រីក និងបង្កើនជើងហោះហើរនេះ ដើម្បីឆ្លើយបតនឹងកំណើនអ្នកដំណើររវាងប្រទេសទាំងពីរ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។

ការស្នើបែបនេះ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងកិច្ចប្រជុំទ្វេភាគីជាមួយលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសន្និសីទសារព័ត៌មាន នាព្រលានយន្តអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីបង្ហាញអំពីលទ្ធផលសំខាន់ៗ នៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសសិង្ហបុរី ។

លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងទំនាក់ទំនងប្រជាជន និងប្រជាជន កម្ពុជា-សិង្ហបុរីអបអរសាទរ ចំពោះការកើនឡើងជាលំដាប់នូវចំនួនអ្នកទេសចរកម្ពុជា ទៅសិង្ហបុរី និងចំនួនអ្នកទេសចរសិង្ហបុរី មកកម្ពុជា ហើយនៅក្នុងន័យនេះ ទីប្រឹក្សាទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍កម្ពុជា ត្រូវបន្តធ្វើការជាមួយភាគីសិង្ហបុរី ហើយបន្ថែមពីនេះ សម្តេចធិបតី បានស្នើឱ្យភាគីសិង្ហបុរីបើកការហោះហើរផ្ទាល់ ពីសិង្ហបុរី ទៅក្រុងព្រះសីហនុ បន្ថែមពីលើការហោះហើរផ្ទាល់ដែលមានស្រេចហើយ នោះគឺពីសិង្ហបុរីមកភ្នំពេញ និងពីសិង្ហបុរីទៅក្រុងសៀមរាប»

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង បានសម្តែងនូវការពេញចិត្ត ចំពោះការកើនឡើងនៃជើងហោះហើរត្រង់ដល់ចំនួន ៥០ជើងក្នុងមួយសប្តាហ៍ និងការកើនឡើងនៃចំនួនអ្នកធ្វើដំណើរ រវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ មានទស្សនៈរួម ថាការជំរុញរំហូរទេសចរ រួមទាំងទេសចរពីប្រទេសទីបី ជាវិស័យមួយទៀតដែលត្រូវពង្រឹង៕