(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាគង់តែស្គាល់ភាពរុងរឿងដូចសិង្ហបុរីសព្វថ្ងៃ ប្រសិនបើរក្សាបានសន្តិភាព ស្ថិរភាព និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចទៅមុខជាបន្តបន្ទាប់។

ការថ្លែងរបស់អ្នកជំនាញភូមិសាស្ត្រនយោបាយជើងចាស់រូបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅប្រទេសសិង្ហបុរី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានលើកឡើងថា កម្ពុជាអាចយកចំណុចខ្លាំងៗរបស់សិង្ហបុរីមកសិក្សា ហើយពិចារណាក្នុងការអនុវត្តតាមក្នុងកម្រិតណា ដើម្បីរួមចំណែកជួយឱ្យសេដ្ឋកិច្ចរបស់ខ្លួនបន្តការរីកចម្រើន។

លោកបានបន្តថា តាំងពីឆ្នាំ១៩៦៥មក សិង្ហបុរីជាប្រទេសមួយដែលមិនដែលស្គាល់សង្គ្រាម សូម្បីតែអស្ថិរភាពនយោបាយ ក៏សិង្ហបុរីមិនដែលប្រទះដែរ។ ប្រសិនបើចង់ទាញមេរៀនមួយសំខាន់ពីសិង្ហបុរី ប្រជាជនខ្មែរគួរយល់ថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

លោក ហ្សង់ហ្វ្រង់ស្វ័រ បានបន្តទៀតថា «ប្រសិនបើប្រទេសសិង្ហបុរីលង់ខ្លួនដូចកម្ពុជាទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទី២ ក្រោយមកឆ្លងកាត់របបប្រល័យពូជសាសន៍ រួចហើយឆ្លងកាត់សង្គ្រាមឥណ្ឌូចិនលើកទី៣ ទៀតនោះ ម្ល៉េះសមប្រទេសនេះក៏នឹងរងទុក្ខវេទនាខ្ទេចខ្ទីដូចប្រទេសកម្ពុជាអីចឹងដែរ ម្ល៉ោះហើយបើចង់រៀនតាមសិង្ហបុរី ចូរនាំគ្នារក្សាសន្តិភាព ស្ថិរភាពនយោបាយ ឱ្យតម្លៃដល់សណ្ដាប់ធ្នាប់សង្គម និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចប្រទេស»។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះបានបង្ហាញការជឿជាក់ថា ប្រសិនបើធ្វើបែបនេះបានដូចសិង្ហបុរី នៅទីបំផុត កម្ពុជាគង់តែស្គាល់ភាពរុងរឿងដូចប្រទេសគេឯងជាក់ពុំខាន។

សូមជម្រាបថា សាធារណរដ្ឋសិង្ហបុរី (Republic of Singapore) ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥ បន្ទាប់ពីប្រកាសឯករាជ្យផ្ដាច់ខ្លួនចេញពីសហព័ន្ធម៉ាឡេស៊ី។ តាំងពីឆ្នាំ១៩៦៥នោះមក សិង្ហបុរីគ្មានឡើយសង្គ្រាម គ្មានឡើយអស្ថិរភាពនយោបាយ ពិសេសក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លី ក្វាន់យូ ប្រទេសដែនកោះមួយនេះបានខិតខំអភិវឌ្ឍខ្លួនរហូតដល់ក្លាយជាប្រទេសអភិវឌ្ឍរីកចម្រើនមួយក្នុងតំបន់ និងសកលលោក ដែលគេគ្រប់គ្នាតែងហៅប្រទេសសិង្ហបុរីថា «នាគសេដ្ឋកិច្ចអាស៉ី»៕

Live ៥៖៥៤៖២៦ ដល់ ៥៖៥៦៖២៣