(កំពង់ចាម)៖ លោក ជា ស្រ៊ុន រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះវាយតម្លៃប្រគល់-ទទួល បញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាព ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST (កៅស៊ូពីរស្រទាប់ស្តើង) ចំនួន ១ខ្សែ ប្រវែង ៣ ៥០០ម៉ែត្រ, ទទឹង ៧ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម៉ែត្រ និងសាងសង់លូមុខមួយចំនួន ២កន្លែង ស្ថិតនៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ទៅភូមិតាម៉ៅ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

នាឱកាសនោះលោក ជា ស្រ៊ុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវខាងលើនេះ សម្រេចបានតាមផែនការស្ថិតក្នុងសុពលភាព និងប្រកបដោយគុណភាព ព្រោះផ្លូវនៅជនបទមានសារៈសំខាន់ណាស់ ជាពិសេសផ្លូវនៅតំបន់ខាងលើ ដោយកសិករនៅមូលដ្ឋាននេះភាគច្រើនជាអ្នកប្រកបការដាំដុះដាំកសិកម្មដ៏សំខាន់មួយនៅខេត្តកំពង់ចាម។

លោក ជា ស្រ៊ុន បានបន្ថែមថា ចំពោះបញ្ហាផ្លូវ និងស្ពាននេះដែរ ក្រសួងបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងក្របខណ្ឌទូទាំងប្រទេស ដោយគិតគូរពីភាពធន់ និងការប្រែប្រួល អាកាសធាតុ ទាំងផ្លូវដីស, ផ្លូវល្បាយ ក្រួស, និងផ្លូវក្រាសកៅស៊ូ ឬក្រាលបេតុងនេះជាដើម។

បើតាមលោកឧត្តមសេនីយ៍ត្រី នាន់ បូរ៉េត នាយករងនាយកដ្ឋានវិស្វកម្ម តំណាងឧត្តមសេនីយ៍ឯក សឿន រឿត នាយកនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានឱ្យដឹងដែរថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទរួចមក នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ក៏បានអនុវត្តការងារនេះក្នុងគោលដៅជួយសម្រួលដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ ប្រជាពលរដ្ឋមកកាន់ទីផ្សារ ជួយសម្រួលដល់សិស្សានុសិស្ស ធ្វើដំណើរទៅកាន់សាលារៀនជាដើម។

ផ្លូវនិងលូខាងលើនេះបានធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារអនុវត្តសម្រេចបាន ១០០ភាគរយ កាលពីឆ្នាំ២០២៣ គិតមកដល់ពេលនេះ ឃើញថា មានរយៈពេលជាង ១២ខែ ក្នុងរយៈពេលធានាសុពលភាព។

សូមបញ្ជាក់ដែរថា បន្ទាប់ពីចុះពិនិត្យគម្រោងផ្លូវនិងលូខាងលើរួច, លោក ជា ស្រ៊ុន និងក្រុមការងារអន្តរក្រសួង បានចុះជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដោយក្នុងពិធីនោះ លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ និងលូ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ឲ្យបានគង់វង់យូរអង្វែង និងចាត់ទុកផ្លូវ និងលូ ទាំងនោះជារបស់ពួកគាត់។ ក្នុងពិធីសំណេះសំណាលនេះដែរលោកក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់លោក ឆាយ ឫទ្ធិសែន ចែកជូនប្រជាពលរដ្ឋដោយក្នុងមួយគ្រួសារទទួលបានក្រម៉ាចំនួន ១ផងដែរ៕