(សិង្ហបុរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ប្រទេសសិង្ហបុរី បានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគកំពូលមួយរបស់កម្ពុជា ជាមួយនឹងការផ្លាស់ប្តូរទំនិញសេវាកម្មយ៉ាងសកម្ម។

ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពី «វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី» នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសង្ហបុរី។

សម្តេចធិបតីបានថ្លែងទៀតថា «សិង្ហបុរីតែងតែជាប់ចំណាត់ថ្នាក់ ជាប្រភពវិនិយោគបរទេសកំពូលទាំង ១០នៅកម្ពុជា។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ សិង្ហបុរីបានចូលរួមចំណែកជិត ២ពាន់លានដុល្លារ ក្នុងទិដ្ឋភាពវិនិយោគរបស់កម្ពុជា។ ការវិនិយោគរបស់សិង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយជំរុញឱ្យមានកំណើន ក្នុងវិស័យផ្សេងៗដូចជា ផលិតកម្ម អចលនទ្រព្យ និងបដិសណ្ឋារកិច្ច»។

សម្តេចធិបតីបានថ្លែងលើកឡើង អំពីទិន្នន័យនៃការវិនិយោគនៅកម្ពុជា ដោយសម្តេចបញ្ជាក់ថា នៅឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ២៦៨ ដែលមានទំហំទឹកប្រាក់ជិត ៤.៩ពាន់លានដុល្លារ។ ដោយឡែកសម្រាប់រយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤ CDC បានអនុម័តគម្រោងសរុបចំនួន ១៥៣ ដែលមានតម្លៃ ២,៧៥ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៤ដងធៀបនឹងរយៈពេលដូចគ្នា។

ស្តីពីឌីជីថលភាវូបនីយកម្ម សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សូមអញ្ជើញវិនិយោគិនសិង្ហបុរី ដើម្បីស្វែងយល់ពីទិដ្ឋភាពបច្ចេកវិទ្យាឌីជីថលដ៏មានថាមពល ដែលជាកត្តាជំរុញដ៏សំខាន់នៃវឌ្ឍនភាពសេដ្ឋកិច្ច។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះនិរន្តរភាពថាមពល ដែលបង្ហាញពីឱកាសពិសេស សម្រាប់វិនិយោគិនសិង្ហបុរី ដែលពឹងផ្អែកលើសក្តានុពលថាមពលពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី គួបផ្សំនឹងគោលដៅប្រកបដោយមហិច្ឆតា ដែលមានចែងក្នុងផែនការមេអភិវឌ្ឍន៍ថាមពល ឆ្នាំ២០២២-២០៤០។ ការផ្តោតសំខាន់របស់កម្ពុជា លើភាពដែលអាចជឿជាក់បាន តម្លៃសមរម្យ និងគោលដៅរបស់ខ្លួន ក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០ បានបង្កើតបរិយាកាសវិនិយោគ ដែលមានស្ថេរភាពរយៈពេលវែង។

សម្តេចបន្ថែមថា ដើម្បីពង្រីកបន្ថែមទៀត នូវគំនិតផ្តួចផ្តើមសម្ព័ន្ធភាពផលិតកម្ម របស់រដ្ឋាភិបាលសិង្ហបុរី កម្ពុជាឈរយ៉ាងរឹងមាំជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតមួយ នៅក្នុងតំបន់អាស៊ាន ដោយផ្តល់នូវសន្តិភាព សេដ្ឋកិច្ច និងស្ថិរភាពនយោបាយ ការគាំទ្រពីរដ្ឋាភិបាលដ៏រឹងមាំ កម្លាំងពលកម្មវ័យក្មេង និងថាមវន្ត ដែលជាទីតាំងយុទ្ធសាស្ត្រនៅក្នុងតំបន់ និងធនធានធម្មជាតិដ៏សម្បូរបែប។ ក្នុងស្មារតីនៃកិច្ចសហការ និងវឌ្ឍនភាពនេះ សម្តេចសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនសិង្ហបុរីទាំងអស់ ដើម្បីស្វែងយល់ពីឱកាសដ៏សម្បូរបែប នៅក្នុងទីផ្សារដែលមានថាមពល និងកំពុងរីកចម្រើននៅកម្ពុជា៕