(កំពង់ស្ពឺ)៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើង និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត។

ឆ្លើយតបបទបញ្ជានេះ​ និងមានការណែនាំជាប្រចាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនមេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាឲ្យកម្លាំងគ្រប់អង្គភាពចំណុះបញ្ជាការដ្ឋាន​ ត្រូវក្តាប់ឲ្យគ្រប់សកម្មភាពក្រុមក្មេងទំនើងតាមមូលដ្ឋាន និងនៅតាមទីសាធារណៈ ត្រូវតែបង្ក្រាបដោយយកចិត្តទុកដាក់ខ្ពស់បំផុត។

លោកវរសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរងទទួលការងារជំនាញ ដឹកនាំកម្លាំងមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស និងការិយាល័យព្រហ្មទណ្ឌកាលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បង្ក្រាបឃាត់ខ្លួនក្មេងទំនើង ចំនួន០២ក្រុម ជាបន្តបន្ទាប់ ដែលបង្កជម្លោះវាយតប់គ្នា នៅចំណុចភូមិទួលគោក សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

*ក្រុមទី១៖ មានគ្នាចំនួន ១០នាក់ ស្រី០៤នាក់
*ក្រុមទី២៖ មានគ្នាចំនួន ១៥នាក់។

*កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ចំណុចភូមិទួលគោក សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងបានឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ រួមមាន៖ 

*ទី១៖ ឈ្មោះ ម៉ី សំណាង អាយុ១៧ឆ្នាំ រស់នៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
*ទី២៖ ឈ្មោះ ផាត សៅរី អាយុ១៧ឆ្នាំ រស់ភូមិបាទី ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កម្លាំងបានចាប់យកវត្ថុតាង ដែកបំពង់ទីបមួយកំណាត់ប្រវែងប្រហែល ២ម៉ែត្រ និងម៉ូតូ១គ្រឿង ម៉ាកសេ125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ-1KK 3985។

ក្រោយពីធ្វើការស្រាវជ្រាវបំភ្លឺរបស់សាក្សី ក្នុងហេតុការណ៍ កម្លាំងជំនាញបន្តស្រាវជ្រាវ ចាប់បានខ្លួនក្មេងទំនើងបក្ខពួកម្ខាងទៀតចំនួន០២នាក់ នៅចំណុចឧទ្យានសុរាម្រឹតកុសមៈគីរីរម្យ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

*ទី១៖ ឈ្មោះ យ៉េម សៀវឡី អាយុ១៧ឆ្នាំ ទីលំនៅ​ភូមិតាសាល ឃុំតាំងក្រូច ស្រុកសំរោងទង
*ទី២៖ ឈ្មោះ រ៉ា ដារ៉ូ អាយុ១៦ឆ្នាំ រស់នៅភូមិតាសាល ឃុំ តាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្រោយស្ដាប់ចម្លើយជនសង្ស័យឈ្មោះ យ៉េម សៀវឡី កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត នៅទីតាំងផ្សេងគ្នា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

*ទី១៖ ទីតាំងទី១ ស្ថិតនៅមុខរោងចក្រអិច វាយ អេច ភូមិថ្នល់បត់ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចាប់ខ្លួនជនសង្ស័យឈ្មោះ ហឿន សុមាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ រោងចក្រ អិច វាយ អិច ទីលំនៅបច្ចុប្បន្ន ភូមិតាសាល ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
*ទី២៖ ស្ថិតនៅមុខរោងចក្រ ស៊ុយស៊ីង ភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ ចាប់ខ្លួនជនសង្ស័យឈ្មោះ ម៉ៅ តូនី ភេទប្រុស អាយុ១៨  មុខរបរ រោងចក្រស៊ុយស៉ីង  ទីលំនៅបច្ចុប្បន្នភូមិ តាសាល ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្នជំនាញកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕