(ឧត្តរមានជ័យ)៖ ជនសង្ស័យជាក្មេងទំនើងចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួន ជាមួយនឹងការដកហូតវត្ថុតាងរួមមាន កាំបិតវែង១ និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួន។

បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងស្នាក់ការអូរស្មាច់ សហការជាមួយជំនាញ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះបង្ក្រាបករណីក្មេងទំនើង និងប្រើប្រាស់នូវសារធាតុញៀន មួយកន្លែងនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង។

នៅក្នុងប្រតិបត្តិការនេះ ក្រៅពីឃាត់ខ្លួនក្មេងទំនើងចំនួន៥នាក់ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ទូរសព្ទដៃ ២គ្រឿង កាំបិតវែង១ សម្ភារសម្រាប់វេចខ្ចប់សារធាតុញៀន និងប្រដាប់ប្រើប្រាស់សាធាតុញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕