(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ចំពោះការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ មជ្ឈមណ្ឌលភស្តុភារអាកាសយានដ្ឋានអន្តរជាតិ និងផ្លូវទឹក ជាពិសេសប្រឡាយហ្វូណនតេជោ ដែលពិធីបើកការដ្ឋានសាងសង់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំនេះ កំពុងពង្រឹងការតភ្ជាប់ក្នុងតំបន់ និងធានាឱ្យមានលទ្ធភាពចូលដំណើរការប្រកបដោយប្រសិទ្ធភាពទៅកាន់ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់។

ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពី «វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី» នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសិង្ហបុរី សម្តេចធិបតី បានបន្តថា ការវិនិយោគជាយុទ្ធសាស្រ្តទាំងនេះផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់អាជីវកម្ម ដោយកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងការកែលម្អប្រសិទ្ធភាពប្រតិបត្តិការ ដែលអនុញ្ញាតឱ្យពួកគេប្រើប្រាស់យ៉ាងពេញលេញនូវសក្តានុពលដ៏ធំធេងនៃទីផ្សារក្នុងតំបន់។

បើតាមប្រសាសន៍សម្តេចធិបតី ខណៈពេលដែលសមាជិកភាពនៅក្នុង WTO ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហពាណិជ្ជកម្ម និងការអនុវត្តដោយយុត្តិធម៌។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនសិង្ហបុរីទាំងអស់ ដើម្បីស្វែងយល់ពីឱកាសដ៏សម្បូរបែប នៅក្នុងទីផ្សារដែលមានថាមពល និងកំពុងរីកចម្រើននៅកម្ពុជា។

សម្តេចធិបតី ថ្លែងបន្តថា សិង្ហបុរីបានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគកំពូលមួយរបស់កម្ពុជា ជាមួយនឹងការផ្លាស់ប្តូរទំនិញ និងសេវាកម្មយ៉ាងសកម្ម។ ទាក់ទងនឹងការវិនិយោគនៅឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ២៦៨ ដែលមានទំហំទឹកប្រាក់ជិត ៤,៩ពាន់លានដុល្លារ។ រយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៤ CDC បានអនុម័តគម្រោងសរុបចំនួន ១៥៣ ដែលមានតម្លៃ ២,៧៥ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៤ដង ធៀបនឹងរយៈពេលដូចគ្នា។

បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ទន្ទឹមនឹងការការពារដែលធានាលើការវិនិយោគ គ្មានការរើសអើងរវាងវិនិយោគិនក្នុងស្រុក និងបរទេស ហើយគ្មានការរឹតបន្តឹងលើការផ្ទេរប្រាក់ពីប្រាក់ចំណេញ និងដើមទុនឡើយ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីពិសេសមួយ ដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ នៅឆ្នាំ២០២៤ ដោយផ្តល់អត្ថប្រយោជន៍ពិសេសដល់វិនិយោគិន បន្ថែមលើច្បាប់ស្តីពីការវិនិយោគ ដោយធ្វើឱ្យខេត្តនេះ ក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់វិស័យចម្រុះ៕