(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី បានដើរតួជាវេទិកាសំខាន់មួយ ដើម្បីជំរុញទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងសហគមន៍អាជីវកម្ម និងបើកឱកាសដែលមានប្រយោជន៍ទៅវិញទៅមក។

ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពី « វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី » នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ អំឡុងពេញទស្សនកិច្ចផ្លូវការ នៅប្រទេសសិង្ហបុរី។

សម្តេចបានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការស្វាគមន៍អ្នកមកកាន់វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី។ សម្តេចក៏បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធធុរកិច្ចសិង្ហបុរី សភាពាណិជ្ជកម្មសិង្ហបុរីនៅកម្ពុជា និងសមាគមអតីតនិស្សិតសិង្ហបូរីកម្ពុជា ចំពោះកិច្ចសហការដ៏មានតម្លៃក្នុងការរៀបចំព្រឹត្តិការណ៍នេះ។

សម្តេចថ្លែងដូច្នេះថា៖ «វេទិកានេះដើរតួជាវេទិកាសំខាន់មួយដើម្បីជំរុញទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងសហគមន៍អាជីវកម្ម និងបើកឱកាសដែលមានប្រយោជន៍ទៅវិញទៅមក។ កម្ពុជា និងសិង្ហបុរីអាចរួមគ្នាជំរុញការច្នៃប្រឌិត កសាងទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ និងបង្កើតអនាគតកាន់តែរីកចម្រើនសម្រាប់ប្រជាជាតិរបស់យើង»។

វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធធុរកិច្ចសិង្ហបុរី សភាពាណិជ្ជកម្មសិង្ហបុរីនៅកម្ពុជា និងសមាគមអតីតនិស្សិតខ្មែរមកពីសិង្ហបុរី ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ។

វេទិកាធុរកិច្ចនេះ ក៏ជាការជជែកពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច វិស័យសក្តានុពល និងគោលនយោបាយលើកទឹកចិត្តវិនិយោគ ដោយមានការចូលរួមពីវាគ្មិនជាតំណាងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសទាំងពីរ។ ក្រៅពីការជជែកពិភាក្សា វេទិកានេះ ក៏បានរៀបចំជាជំនួបពាណិជ្ជកម្មរវាងធុរជននៃប្រទេសទាំងពីរផងដែរ។

នៅក្រោយវេទិកានេះ កម្ពុជា និងសិង្ហបុរី ក៏បានចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៣ ផងដែរក្នុងនោះរួមមាន៖
១៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី

២៖ ការចុះហត្ថលេខាសាក្សីភាពស្តីពី «ការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី»

៣៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មសិង្ហបុរី និងក្រុមហ៊ុន PPLC Superport & Industrial Co., Ltd. របស់កម្ពុជា៕