(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិសិង្ហបុរី លើកទី១០ ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។

កម្មវិធីសប្តាហ៍ទឹកអន្តរជាតិសិង្ហបុរី លើកទី១០ នៅប្រទេសសិង្ហបុរី មានការចូលរួមពីបណ្តារដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល អ្នកជំនាញផ្នែកទឹក ឧតុនិយម និងបរិស្ថានជាដើម មកពីតំបន់នានានៅទូទាំងពិភពលោក ប្រមាណ ២ម៉ឺននាក់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រធានបទសំខាន់នៅក្នុងវេទិកាទឹកអន្តរជាតិសិង្ហបុរី ឆ្នាំ២០២៤ ផ្តោតលើការប្រែប្រួលអាកាសធាតុដែលជះឥទ្ធិពលលើគ្រប់វិស័យ រួមមានការគ្រប់គ្រងទឹក ថាមពល បរិស្ថាន កសិកម្ម និងវិស័យឯកជន ហើយការប្រែប្រួលអាសធាតុជាសកលនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ និងការចាត់វិធានការបន្ទាន់ពីមជ្ឈដ្ឋានរដ្ឋាភិបាល វិស័យឯកជន និងការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា នៅក្នុងវេទិកាក៏មានការដាក់ចេញនូវផែនការជាក់លាក់ និងឆ្លើយតបបន្ទាន់ទៅលើ៖

* ១៖ ការគ្រប់គ្រងទឹកដោយប្រសិទ្ធភាព និងមាននិរន្តរភាព
* ២៖ ការគ្រប់គ្រងបរិស្ថានប្រកបដោយចីរភាព តាមរយ:ផែនការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ រហូតដល់កម្រិតសូន្យក្នុងបរិយាកាស
* ៣៖ ការស្វែងរកថាមពលកកើតឡើងវិញ ដែលមានលក្ខណៈភាតរបរិស្ថាន ដូចជាថាមពលព្រះអាទិត្យ ឬការអភិវឌ្ឍវារីអគ្គិសនីដោយរក្សាបរិស្ថាន
* និងទី៤៖ ការចូលរួមពីកម្រិតរដ្ឋាភិបាល និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី Grace Fu Hai Yien រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងចីរភាព នៃប្រទេសសិង្ហបុរីផងដែរ។

គួរបញ្ជាក់ថា កម្មវិធីសប្តាហ៍ទឹកអន្តរជាតិសិង្ហបុរី ដែលប្រព្រឹត្តទៅក្នុងរយៈពេលពីរឆ្នាំម្ដង ជាវេទិកាមួយក្នុងចំណោមវេទិកាសំខាន់ៗរបស់ពិភពលោក ដើម្បីចែករំលែក និងសហការបង្កើតដំណោះស្រាយលើបញ្ហាទឹក ឆ្នេរសមុទ្រ និងទឹកជំនន់ប្រកបដោយភាពច្នៃប្រឌិត។ កម្មវិធីសប្តាហ៍ទឹកអន្តរជាតិសិង្ហបុរីលើកទី១០ ឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាត Marina Bay Sands ដោយមានការចែករំលែកបទពិសោធន៍ និងការយល់ដឹងនៅក្នុងចំណោមថ្នាក់ដឹកនាំរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងអ្នកជំនាញនានាជាច្រើននាក់ផងដែរ៕