Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនាជញ្ជាំងបេតុង ប្រឡាយបឹងសាឡាង ដើម្បីដោះស្រាយបញ្ហាទឹកលិច

17-09-2016 09:58

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ និងមន្ទីរសាធារណការ បានបើកការដ្ឋានស្ថាបនាជញ្ជាំងបេតុង ប្រឡាយបឹងសាឡាង និងផ្លូវបេតុងអមសងខាងមាត់ប្រឡាយ ដើម្បីដោះស្រាយបញ្ហាទឹកលិច ក្នុងរាជធានីភ្នំពេញ  នៅព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា សាលារាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាជញ្ជាំងបេតុងប្រឡាយបឹងសាឡាងប្រវែង៣៦៥ម៉ែត្រ ទទឹង៩ម៉ែត្រ និង ស្ថាបនាផ្លូវបេតុងអមសងខាងមាត់ប្រឡាយ ទទឹង ៥ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក។

លោកបានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ តែងតែផ្តល់អាទិភាព ទៅលើការដោះស្រាយបញ្ហាទឹកលិច ក្នុងរាជធានីភ្នំពេញ ដោយធ្វើការស្តារនិងអភិវឌ្ឍន៍ប្រព័ន្ធលូ ដែលគិតមកដល់ពេលនេះ សម្រេចបាន ប្រវែង ៦០៦គីឡូម៉ែត្រ និងសាងសង់ស្ថានីយ៍បូមទឹកថ្មីបន្ថែម​ ចំនួន ៤កន្លែង រួមមាន ស្ថានីយ៍បូមទឹកបឹងត្របែក ស្ថានីយ៍បូមទឹកទួលគោកទី១ ស្ថានីយ៍បូមទឹកទួលគោកទី២ និងស្ថានីយ៍បូមទឹកព្រះពន្លា ដែលមានសមត្ថភាពបូមទឹកកើន៣ដង ។ នៅឆ្នាំ២០១៧ ខាងមុខ នឹងស្ថាបនាបន្ថែមចំនួន២កន្លែងទៀត គឺស្ថានីយ៍បូមទឹក១០០ខ្នង និងស្ថានីយ៍បូមទឹកលូប្រាំ។

ក្នុងឱកាសនោះដែរ លោកប៉ា សុជាតិវង្ស  អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «យើងទាំងអស់គ្នា បានដឹងហើយថា តំបន់បឹងសាឡាង អតីតជាដីទំនាបបឹង ពុំមានលំនៅដ្ឋានច្រើននោះទេ ហើយជាទីតាំងដែល ស្តុកទឹកមួយចំនួនធំ មុននឹងហូរទៅប្រឡាយបឹងស្ទឹងមានជ័យ ប៉ុន្តែភូមិសាស្រ្តនេះ បច្ចុប្បន្ន បានប្រែក្លាយទៅជា តំបន់លំនៅដ្ឋានមានមនុស្សរស់នៅច្រើន ធ្វើឲ្យបាត់បង់ផ្ទៃស្តុកទឹក ពីបឹងមកត្រឹមជា ប្រឡាយរំដោះទឹក ចូលទៅប្រឡាយស្ទឹងមានជ័យ ដែលតែងតែបង្កឲ្យមនការលិចលង់ពេលមានភ្លៀងធ្លាក់ខ្លាំង»

លោកបានបន្តថា ក្រោយពីការស្ថាបនាជញ្ជាំងបេតុង ប្រឡាយបឹងសាឡាង និងស្ថាបនាផ្លូវបេតុងអបសងខាងមាត់ប្រឡាយ នឹងអាចដោះស្រាយការលិចលង់ ក្នុងតំបន់មួយចំនួន នៅរាជធានីភ្នំពេញ៕