(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានលើកឡើងថា ការប្រើពាក្យសហជីពឯករាជ្យ ឬសហជីពក្លែងក្លាយ គឺជាការញ៉ុះញុង បំបែកបំបាក់ បង្កើតការរើសអើងសហជីព និងអង្គការវិជ្ជាជីវៈនៅកម្ពុជា។

លោក កត្តា អ៊ន រដ្ឋលេខាធិការ បានថ្លែងថា៖ «សហជីពធ្វើការតវ៉ាប្រឆាំងរដ្ឋាភិបាល ទើបហៅថាសហជីពឯករាជ្យឬ? សហជីពការពារផលប្រយោជន៍កម្មករនិយោជិតពិតប្រាកដជាសហជីពក្លែងក្លាយឬ»?​​
នៅកម្ពុជាសព្វថ្ងៃមានសហជីព និងអង្គការវិជ្ជាជីវៈជាង ៦,៣០០ កំពុងដំណើរការការងាររបស់ខ្លួនដោយសេរី និងគ្មានការរិតត្បិត ឬបំផិតបំភ័យដូចការលើកឡើងដោយសារព័ត៌មាន សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួននោះឡើយ។

លោក កត្តា អ៊ន បានបន្តថា សហជីព និងអង្គការវិជ្ជាជីវៈ ត្រូវបានចុះបញ្ជីត្រឹមត្រូវតាមនីតិវិធី និងបានតម្កល់លក្ខន្តិកៈរបស់ខ្លួននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងលក្ខន្តិកៈរបស់ពួកគេ បានប្រកាសពីជំហរបម្រើផលប្រយោជន៍កម្មករនិយោជិត សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ មិនចូលរួមធ្វើនយោបាយ ឬសកម្មភាពនយោបាយណាមួយ​ឡើយ។

លោករដ្ឋលេខាធិការបន្ថែមថា សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលតាំងខ្លួនជាឯករាជ្យ ខ្លះមានភ្ជាប់ឈ្មោះថាឯករាជ្យ តែធ្វើសកម្មភាពមិនឯករាជ្យ។ មិនឯករាជ្យដោយសកម្មភាពរបស់ខ្លួន មិនបម្រើផលប្រយោជន៍កម្មករនិយោជិត ពេលខ្លះធ្វើការតវ៉ាក្នុងទ្រង់ទ្រាយបាតុកម្មខុសច្បាប់ បំពានច្បាប់ បង្កចលាចល អនាធិបតេយ្យ និងអំពើហឹង្សា។

លោកក៏បានចោទសួរថា តើនេះទើបហៅថា លំហសេរីភាពសហជីពក្នុងសង្គមប្រជាធិបតេយ្យឬ? តើសហជីពដែលធ្វើការតវ៉ា ធ្វើបាតុកម្មខុសច្បាប់ ទើបហៅថាសហជីពឯករាជ្យឬ? សហជីពដែលបានគោរពច្បាប់ នីតិវិធីច្បាប់ និងធ្វើការតវ៉ាស្របច្បាប់ ទាមទារយុត្តិធ៌ម ភាពត្រឹមត្រូវ កិត្តិយស សេចក្តីថ្លៃថ្នូររបស់សហជីព កម្មករនិយោជិត និងផលប្រយោជន៍សហជីព និងកម្មករនិយោជិត ជាសហជីពក្លែងក្លាយឬ? ការអនុវត្តច្បាប់ប្រឆាំងជនល្មើស ឬនិតិបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ដោយអាជ្ញាធរមានសមត្ថកិច្ច ជាការធានាយុត្តិធម៌សង្គម សមភាព និងនីតិរដ្ឋ។

លោករដ្ឋលេខាធិការបន្ថែមថា ការអនុវត្តច្បាប់គ្មានគោលការណ៍ស្តង់ដារពីរនោះឡើយ។ ជនណាក៏ដោយដែលប្រព្រឹត្តល្មើសច្បាប់ត្រូវទទួលទោសតាមច្បាប់។ សកម្មជនសហជីព ឬអង្គការសង្គមស៊ីវិល ដែលប្រព្រឹត្តល្មើសច្បាប់ ដែលជាបទល្មើសមានចែងក្នុងក្រមព្រហ្មទណ្ឌ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ការអនុវត្តច្បាប់នេះ មិនមែនជាការរិតត្បិតសេរីភាពសហជីព ឬអង្គការសង្គមស៊ីវិលនោះទេ ផ្ទុយទៅវិញជាការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ផលប្រយោជន៍សាធារណៈ និងសមភាពនៃសិទ្ធិ។

ទន្ទឹមនឹងនេះ លោក កត្តា អ៊ន បានបញ្ជាក់ថា ការការពារជនល្មើសដែលប្រព្រឹត្តល្មើសច្បាប់ រារាំងការអនុវត្តច្បាប់ ជាការលើកទឹកចិត្តឱ្យមនុស្សប្រព្រឹត្តបទល្មើសក្នុងសង្គម។ប្រជាពលរដ្ឋគ្រប់រូបត្រូវគោរពច្បាប់ គោរពសិទ្ធិ និងផលប្រយោជន៍សាធារណៈ ដើម្បីលិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ការប្រើប្រាស់សិទ្ធិសេរីភាពត្រូវមានព្រំដែន គឺមិនត្រូវរំលោភបំពានច្បាប់ និងសិទ្ធិសេរីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃឡើយ៕