(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការត្រៀមបម្រុងឆ្លើយតប និងការឆ្លើយតបគ្រោះមហន្តរាយ នៃគម្រោងការត្រៀមបង្ការស្ថានភាពបន្ទាន់ខេត្តសៀមរាប ក្រោមកិច្ចសហការពីសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត តំណាងលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត ទទួលបន្ទុកគម្រោង និងមានការចូលរួមពីអស់លោក លោកស្រី តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ សមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ខេត្ត ក្រុង ស្រុក និងចៅសង្កាត់ ស្មៀន ទាំង១២សង្កាត់ក្នុងក្រុងសៀមរាប ប្រមាណ ៧៥នាក់ចូលរួមផងដែរ។

លោក ចឹក គឹមជុន បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពីការត្រៀមបម្រុងឆ្លើយតប និងការឆ្លើយតបគ្រោះមហន្តរាយនៃគម្រោងត្រៀមបង្កាស្ថានភាពបន្ទាន់ខេត្តសៀមរាប ក្រោមកិច្ចសហការពីសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ក្នុងគោលបំណងដើមី្បអភិវឌ្ឍសមត្ថភាព អំពីការងារត្រៀមបម្រុងឆ្លើយតប និងការឆ្លើយតបគ្រោះមហន្តរាយ និងរៀបចំផែនការហានីភ័យត្រៀមបង្កា ដើមី្បឆ្លើយតបទៅនឹងស្ថានភាពកើតឡើងបន្ទាន់នៅតាមបណ្តាសង្កាត់ទាំង១២ នៃក្រុងសៀមរាប។

លោក ចឹក គឹមជុន បានបន្តថា ដើមី្បឲ្យការងារនេះទទួលបាននូវប្រសិទ្ធិភាព ក៏ត្រូវមានគ្រប់សមាសភាពពាក់ព័ន្ធ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដោយមានការអញ្ជើញគ្រូឧទ្ទេសនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការបណ្តុះបណ្តាលដល់លោក លោកស្រី។ 

លោក ចឹក គឹមជុន បានបន្តទៀតថា ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះសង្កាត់ទាំង១២ នៃក្រុងសៀមរាប ឱ្យចេះចងក្រងសៀវភៅ ដោយក្រុមលេខាធិការដ្ឋាន គម្រោងថ្នាក់ខេត្ត ជាអ្នកជួយមើល ជួយបន្ថែម និងតម្រង់ទិស។ ដូច្នេះសង្កាត់ទាំង១២ នៃក្រុងសៀមរាប ក៏ត្រូវត្រៀម សៀវភៅសរសេរ ត្រៀមបង្កា ឆ្លើយតបថ្នាក់ក្រុងសៀមរាប និងការធ្វើបច្ចុប្បន្នភាពទៅថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៥ ដើម្បីសម្រាប់ការអនុវត្តនៅឆ្នាំ២០២៥ ហើយធ្វើនៅក្នុងសង្កាត់ទាំង១២ ត្រៀមបង្កាទប់ស្កាត់ នៃគ្រោះមហន្តរាយឆ្នាំ២០២៥។

លោកបានបញ្ជាក់ថា ក្រៅពីសង្កាត់ទាំង១២ក្នុងក្រុងសៀមរាប នៅពេលទទួលបានគម្រោង លេខាធិការដ្ឋានថ្នាក់ខេត្ត និងបន្តទៅតាមបណ្តាក្រុង ស្រុកទាំង១២បន្តទៀត លើការរៀបចំសៀវភៅ ចងក្រងឯកសារ ទៅតាមបណ្តាក្រុង ស្រុកនីមួយៗ លើការត្រៀមបង្កា ឆ្លើយតបនៅថ្នាក់ក្រុង ស្រុក ទៀតផងដែរ៕