Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវភ្លៀងជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅខេត្តកំពង់ឆ្នាំង

19-06-2024 16:05

(កំពង់ឆ្នាំង)៖ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល និងប្រគល់អាវភ្លៀងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងទិសយោធភូមិភាគពិសេស នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងនៅបញ្ជាការដ្ឋានកងកាំភ្លើងធំ កងទ័ពជើងគោក។

នៅក្នុងពិធីនេះក៏មានការចូលរួមអមដំណើរពីលោក ស៊ុន សុវណ្ណារិទ្ធិ រួមជាមួយលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកព្រះរាជអាជ្ញា លោកស្នងការ និងលោកមេបញ្ជាការកងកម្លាំងទាំង៣ ជាច្រើននាក់ផងដែរ។

នៅក្នុងពិធីផ្ដល់អាវភ្លៀងជូនកងទ័ពខាងលើនេះលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកង យោធពលខេមរភូមិន្ទ និងលោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ជូនដល់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ។

លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារក្នុងមនោ សញ្ចេតនានឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត។ ហើយជារៀងរាល់ឆ្នាំសម្តេច ទាំងទ្វេរតែងបានឧបត្ថម្ភអាវភ្លៀង អាវរងា ជូនដល់កងទ័ពមិនដែលអាក់ខានឡើយ។

លោកឧត្ដមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញការងារ និងភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុស ត្រូវខ្ពស់ ដើម្បីសុខសុវត្ថិភាពប្រជាជន និងថែរក្សាការពារសុខសន្តិភាពជូនជាតិមាតុភូមិប្រកបដោយការលះបង់គ្រប់បែបយ៉ាង៕