(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បាននាំយកអង្ករវីតាមីនចំនួន ៤០០កេស នេះជាលើកទី៣ហើយ មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលបានប្រព្រឹត្ដទៅនាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី ទុយ សិរីរតនៈ នេត្រ ភត្រា ប្រធានកិត្ដិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន។

ក្នុងជំនួបសវនាការ និងប្រគល់អំណោយខាងលើនេះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ដែលបានបរិច្ចាគអង្ករវីតាមីន ចំនួន ៤០០កេស ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។

លោកស្រីអគ្គលេខាធិការបានថ្លែងទៀតថា សម្រាប់ការឧបត្ថម្ភអង្ករវីតាមីន ដែលជាស្បៀងដ៏ចាំបាច់បំផុត សម្រាប់ជួយដល់អាហារូបត្ថម្ភដល់មនុស្សគ្រប់វ័យ ពិសេសកុមារតែម្ដង។ លោកស្រីបានបន្ដថា «កន្លងមកនេះ កាកបាទក្រហមកម្ពុជាយើង បាននាំយកនូវអង្ករនេះ ជួយដល់កុមារងាយរងគ្រោះបំផុត នៅតាមមណ្ឌលកុមារកំព្រានានានៅរាជធានីភ្នំពេញ ដូចជាបុរីទារក និងកុមារជាតិជាដើម និងមានប្រគល់ជូននៅតាមបណ្ដាភូមិស្រុកមួយចំនួនតាមបណ្ដាខេត្ដផងដែរ»

ជាមួយគ្នានោះលោកស្រី ពុំ ចន្ទីនី ក៏បានលើកឡើងពីសកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាកន្លងមក រួមទាំងការចុះជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុតនៅតាមភូមិស្រុក ទាំងការឧបត្ថម្ភជាស្បៀងឧបភោគ បរិភោគ សម្ភារៈ និងថវិកាមួយចំនួន ជាពិសេសការចុះអប់រំផ្សព្វផ្សាយអំពីសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ដ និងការសង្គ្រោះបឋមដល់ស្ដ្រីមានផ្ទៃពោះ ជនងាយរងគ្រោះផ្សេងៗទៅតាមលទ្ធភាព ខណៈដែលមានមន្ដ្រីកាកបាទក្រហមកម្ពុជា​គ្រប់សាខាទាំង២៥ខេត្ដក្រុង យុវជនអ្នកស្ម័គ្រចិត្ដ និងបណ្ដាញរបស់កាកកាកក្រហមកម្ពុជានៅភូមិស្រុក។

ដូច្នេះបានជាកាកបាទក្រហមកម្ពុជា ទាំងថ្នាក់កណ្តាល និងសាខាទាំងអស់ តែងតែធ្វើការកៀងគរ រកជំនួយពីសប្បុសជននានា ក្នុងឱកាសទិវា៨ឧសភា ដើម្បីទុកជួយទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការជំនួយជាចាំបាច់។​ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី។

លោកស្រីបានបន្ដថា អំណោយដែលទទួលបានពីសប្បុរសនានា កាកបាទក្រហមកម្ពុជា នឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេសជនចាស់ជរាឥតទីពឹង និងកុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើន និងផ្ទុកមេរោគអេដស៍ជាដើម។

ក្នុងឱកាសនោះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រ ភត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានថ្លែងកោតសសើរ និងសម្ដែងការពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពមនុស្សរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន តែងតែជួយទៅដល់ប្រជាពលរដ្ឋ មានជីវភាពខ្សត់ខ្សោយ និងជួបទុក្ខលំបាកបានទាន់ពេលវេលា។

លោកស្រី ទុយ សិរីរតនៈ នេត្រ ភត្រា បានថ្លែងទៀតថា «ថ្ងៃនេះយើងខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានបន្ដចូលរួមជាមួយកាកបាទក្រហមកម្ពុជា ជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅកម្ពុជា ពិសេសនៅតាមតំបន់ដាច់ស្រយាលនានា ដែលយើងខ្ញុំមិនអាចទៅដល់»។

លោកស្រីក៏បានសង្ឃឹមយ៉ាងមុតមាំ ឱកាសក្រោមៗទៀត នឹងបន្ដនាំយកអង្ករវីតាមីនទាំងនេះ ទៅជួយដល់ប្រជាពលរដ្ឋបន្ដទៀត ដើម្បីជួយបំពេញអាហារូបត្ថម្ភ និងធ្វើឱ្យសុខភាពរបស់ធនធានមនុស្សកម្ពុជាយើងកាន់តែល្អប្រសើរ។

សូមជម្រាបថា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បាននាំយកអង្ករវីតាមីន មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ជាលើកទី៣ ដោយលើកទី១ នៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០១៦ អាហារវីតាមីន ចំនួន ២០០កេស, លើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឧបត្ថម្ភអង្ករវីតាមីន ចំនួន ២០០កេស និងលើកទី៣នេះ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដែលបានឧបត្ថម្ភអង្ករវីតាមីន ចំនួន ៤០០កេស។

បើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី ទុយ សិរីរតនៈ នេត្រ ភត្រា បានឱ្យដឹងថា កាលពីសប្ដាហ៍មុននេះ លោកស្រីក៏បានដឹកនាំសមាជិកាសមាគមនារី ចុះចែកអំណោយជាកាបូប និងសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្បាលជួរ និងបឋសិក្សាកាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះជាង ៣០០នាក់ផងដែរ៕