(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា ក្រុមគ្រូពេទ្យខ្មែរចំនួន ២,៦០០នាក់ កំពុងបំពេញបេសកកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប ខណៈមន្ទីរពេទ្យនេះ មានវេជ្ជបណ្ឌិតជាជនជាតិបរទេសតែម្នាក់ប៉ុណ្ណោះ ជាក្រុមការងារមកពីប្រទេសស្វីស តំណាងឱ្យលោកវេជ្ជបណ្ឌិត ប៊ីត រិចឆ្នឺរ (Beat Richner) ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលមរណភាព។ 

ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយ ពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពលោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន, លោកបណ្ឌិត ចន ណារិទ្ធ បានថ្លែងថា៖ «សូមជម្រាបជូនថា មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅទូទាំងប្រទេស មានបុគ្គលិកសរុបចំនួន ២ ៦០០នាក់ ហើយនៅក្នុងចំណោម ២៦០០នាក់នោះ មានគ្រូពេទ្យបរទេសតែម្នាក់គត់ ដែលគាត់មានជំនាញខាងមន្ទីរពិសោធន៍ ហើយបច្ចុប្បន្ននេះគាត់តំណាងឱ្យខាងក្រុមការងារប្រទេសស្វីស បន្តវេនពីលោកវេជ្ជបណ្ឌិត ប៊ីត រិចឆ្នឺរ នូវការគ្រប់គ្រងទាំងមូលនៃមន្ទីរពេទ្យនេះ»

នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបន្តថា រាល់ការពិនិត្យនិងព្យាបាលទាំងអស់ គឺធ្វើឡើងដោយវេជ្ជបណ្ឌិតកម្ពុជាទាំងអស់ ជាមួយនឹងឧបករណ៍សម្ភារៈដែលប្រើប្រាស់នូវបច្ចេកវិទ្យាខ្ពស់។

លោកបណ្ឌិត ​បានបន្ថែមថា ក្នុងដំណើរយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជានេះ បាននឹងកំពុងមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ខណៈដែលការបរិច្ចាគនៅក្រៅប្រទេស នៅមានបញ្ហារអាក់រអួលនៅឡើយ។ តែយ៉ាងណាមិញ សន្ទុះនៃការចូលរួមយុទ្ធនាការនេះ នៅតែកើនឡើងជាលំដាប់ បើធៀបទៅនឹងឆ្នាំ២០២៣ ដែលទទួលបានថវិកាបិរច្ចាគចំនួនជាង ២លានដុល្លារ (ទាំងការបរិច្ចាគដោយផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផា និងការបរិច្ចាគតាមបណ្ដាញធនាគារចល័តជាដៃគូរបស់មូលនិធិ) ពីសប្បុរសជនជាង ២២ម៉ឺននាក់។

មូលនិធិគន្ធបុប្ផាកម្ពុជា បាននិងបន្តការខិតខំអំពាវនាវដើម្បីកៀរគរថវិកាបរិច្ចាគពីសមាជិកបច្ចុប្បន្ន ព្រមទាំងបំផុសការបរិច្ចាគពីសប្បុរសជនទូទៅបន្ថែមទៀត តាមរយៈសកម្មភាពផ្សេងៗ ដូចជាការជំរុញការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុនឯកជន ការបង្កើនការផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន និងសង្គម ការធ្វើបទបង្ហាញនៅតាមសមាគមធុរកិច្ច និងបណ្តាគ្រឹះស្ថានឧត្តមសិក្សា នៅតាមបណ្តារាជធានី-ខេត្ត ការដាក់បដារមូលនិធិនៅតាមទីសាធារណៈ និងការបន្តរៀបចំយុទ្ធនាការកៀរគរការបរិច្ចាគនានា ដូចជា ការរៀបចំកម្មវិធីដើរដើម្បីកុមារកម្ពុជា, កម្មវិធីប្រកួតកីឡាបាល់ទាត់, កម្មវិធីប្រកួតវាយសី កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា និងកីឡាផ្សេងៗទៀត, ការប្រគំតន្រ្តីដើម្បីភាពញញឹមកុមារ និងយុទ្ធនាការជាច្រើនទៀត ដោយមានកិច្ចសហការពីបណ្តាក្រសួងស្ថាប័ន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជន។

ក្នុងន័យនេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមជូនដំណឹងដល់គ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» និងចូលរួមបរិច្ចាគឱ្យបានផុសផុល ដើម្បីជួយសង្គ្រោះកុមារ ហើយថវិកាបិរច្ចាគរបស់លោកអ្នកពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា៕