(ឧត្តរមានជយ័)៖ តបតាមសេចក្ដីប្រកាស និងការអំពាវនាវរបស់ក្រសួងសុខាភិបាល ស្ដីពីការបង្ការជម្ងឺឆ្លងបណ្ដាលមកពីវីរុស Zika សំរាប់ស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋទូទៅនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានបើកយុទ្ធនាការផ្សព្វផ្សាយ និងទប់ស្កាត់កុំឲ្យជំងឺប្រភេទនេះឆ្លងរីករាលដាលមកដល់ប្រទេសកម្ពុជា។
យុទ្ធនាការនេះ រួមមានការចុះផ្សព្វផ្សាយប្រជាពលរដ្ឋ ឲ្យបានយល់ពីប្រភេទជំងឺនេះ និងវិធីការពារ រួមទាំងបាញ់ថ្នាំសំលាប់សត្វមូស ដែលជាប្រភពចម្លងមេរោគផងដែរ។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យនៅព្រឹកមិញនេះ បានដឹកនាំមន្ត្រីរួមជាមួយក្រុមឆ្លើយតបបន្ទាន់ (RRT) និង ក្រុមចត្តាឡីស័ករបស់មន្ទីរ ចុះអប់រំផ្សព្វផ្សាយ ស្ដីពីជំងឺប្រភេទ Zika នៅតាមផ្លូវជាតិ ជុំវិញបរិវេណផ្សារធំៗ និងនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ជាដើម។ នៅព្រលប់ថ្ងៃនេះ ក៏បានបាញ់ថ្នាំសម្លាប់សត្វមូសខ្ លាដែលជាប្រភពចម្លងមេរោគ និងត្រៀមជួយអន្តរាគមន៍ទប់ស្កាត់ការរីករាលដាលការឆ្លងជំងឺ Zika និងជំងឺគ្រុនឈាម ដែលអាចកើតមានឡើងជាយថាហេតុ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ជំងឺ Zika ដែលមានប្រភពមកពីតំបន់អាមេរិកខាងត្បូងនោះ បានរាលដាលមកដល់ប្រទេសសឹង្ហបុរី និង ប្រទេសថៃផងដែរ។ ប៉ុន្តែប្រទេសកម្ពុជា គេនៅមិនទាន់រកឃើញ មុខសញ្ញាជំងឺនេះកើតមាននៅឡើយទេ៕