(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ នៅព្រឹកថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២៤នេះ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ នៅសាលាខេត្តកំពង់ចាម ដោយកិច្ចប្រជុំនេះមានរបៀបវារៈចំនួន ៣ ដើម្បីផ្សព្វផ្សាយ និងជារបាយការណ៍ជូនជ្រាបដល់សមាជិកក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តកំពង់ចាម។

នាឱកាសនោះលោក ខ្លូត ផន បានមានប្រសាសន៍ថា បន្ទាប់ពីរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សានីមួយៗ ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង ដើម្បីកំណត់នូវវិធានទាំងឡាយសម្រាប់កិច្ចប្រជុំ និងរបៀបរបបបំពេញការងាររបស់ខ្លួន។

បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវធ្វើតាមទម្រង់ជាដីកា និងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ដែលនឹងប្រព្រឹត្តទៅមិនឱ្យមុន ២៥ថ្ងៃ ឬលើសពី ៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១។ ដើម្បីឱ្យក្រុមប្រឹក្សាមានមូលដ្ឋានក្នុងការរៀបចំ និងអនុម័តបទបញ្ជាផ្ទៃក្នុងឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាតាមច្បាប់កំណត់ ក្រសួងមហាផ្ទៃបានរៀបចំគំរូបទបញ្ជាផ្ទៃក្នុង ដូចមានភ្ជាប់មកជាមួយសេចក្តីណែនាំនេះ។

គំរូបទបញ្ជាផ្ទៃក្នុងនេះ គ្រាន់តែជាឯកសារមូលដ្ឋានសម្រាប់ឱ្យក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ពិនិត្យ ពិចារណា និងរៀបចំនូវបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនឱ្យបានសមស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ខ្លឹមសារនៃគំរូបានចែងនូវលក្ខខណ្ឌជាអប្បបរមា ក្នុងការកំណត់នូវវិធានទាំងឡាយសម្រាប់ដំណើរការកិច្ចប្រជុំ និងរបៀបរបបបំពេញការងាររបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនតែប៉ុណ្ណោះ។ ផ្អែកតាមគំរូបទបញ្ជាផ្ទៃក្នុងនេះ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវធ្វើការពិនិត្យ ឬកែសម្រួលពេញបន្ថែម ឱ្យស្របតាមស្ថានភាពជាក់ស្តែង នៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌរបស់ខ្លួន។

សូមបញ្ជាក់ផងដែរថា របៀបវារៈនៃការប្រជុំសាមញ្ញលើកទី១ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម មានដូចខាងក្រោម៖ 

*ទី១ ៖ ការផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពី ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូ បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។

*ទី២ ៖ ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយៈពេល ៦ខែលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

*ទី៣ ៖ ការរាយការណ៍អំពីលទ្ធផលការងាររបស់រដ្ឋបាលខេត្ត នៅក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ ខែ សម្រេចដោយក្រុមប្រឹក្សាផុតអាណត្តិ ហើយដែលត្រូវអនុវត្ត។

* បញ្ហាផ្សេងៗ ៕