(ញូវដេលី-ឥណ្ឌា)៖ លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា បានបង្ហាញពីការប្ដេជ្ញាចិត្ដ ក្នុងការត្រៀមខ្លួន បម្រើសេវាជូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ និងទៅលេងនៅប្រទេសឥណ្ឌា តាមសេចក្ដីត្រូវការ ក្រោយជើងហោះហើរត្រង់ រវាងកម្ពុជា-ឥណ្ឌា ត្រូវបានភ្ជាប់ជាផ្លូវការ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ក្នុងកម្មវិធីប្រកាសជាផ្លូវការ «ទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក កុយ គួង បានបញ្ជាក់ថា «ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌា ភារកិច្ចចំបង គឺជួយដល់ប្រជាពលរដ្ឋយើង ឲ្យអស់ពីលទ្ធភាព ដែលអាចជួយគាត់បាន ទោះបីជាផ្លូវណាក៏ដោយ»

បន្ថែមពីនោះទៀត ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌា បានបញ្ជាក់ថា ក្នុងនាមជាឯកអគ្គរាជទូត ប្ដេជ្ញាធ្វើឲ្យទំនាក់ទំនង រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ឲ្យកាន់តែមានទំនាក់ទំនង កាន់តែប្រសើរឡើង ហើយជំរុញទាំងវិស័យការទូត វិស័យសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្ម។

លោក កុយ គួង បានលើកឡើងថា មុនមានជើងហោះហើរត្រង់ រវាងកម្ពុជា-ឥណ្ឌា ចំនួនប្រជាពលរដ្ឋកម្ពុជាមកឥណ្ឌា គឺមានចំនួនច្រើន ជាងប្រជាពលរដ្ឋឥណ្ឌា ទៅលេងកម្ពុជា។ លោកថា ប្រជាពលរដ្ឋកម្ពុជា មកលេងនៅប្រទេសឥណ្ឌាច្រើន ដោយមូលហេតុ២យ៉ាងសំខាន់ គឺទេសចរណ៍ផ្នែកសាសនា និងសេវាសុខភាព។

លោក កុយ គួង បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា អ្នកកាន់ពុទ្ធសាសនាច្រើនណាស់ ៨០ទៅ៩០ភាគរយ។ ដូច្នេះប្រជាពលរដ្ឋ ចង់មកលេងនៅកន្លែងព្រះពុទ្ធត្រាស់ដឹង, ព្រះពុទ្ធសម្ដែងធម៌, សកម្មភាពកន្លែងព្រះពុទ្ធនានា នៅក្នុងការប្រទេសឥណ្ឌា។

លោកបានថ្លែងបែបនេះថា «ការមកប្រទេសឥណ្ឌា ជាលក្ខណៈជាធម្មយាត្រា មកជាក្រុមធំៗ ហើយខ្ញុំបានជួបគាត់ ហើយខ្ញុំបានឲ្យនាមប័ណ្ណ ខ្ញុំផ្ទាល់ៗទៅគាត់ទាំងអស់ គឺថាគាត់មានបញ្ហាអ្វីមួយ គឺឲ្យទាក់ទងមកស្ថានទូតភ្លាមៗ។ ស្ថានទូតត្រៀមលក្ខណៈជានិច្ច ជាពិសេសលេខទូរស័ព្ទខ្ញុំ ក៏ដូចជាលេខទូរស័ព្ទមន្ដ្រីទូត ខ្ញុំឲ្យប្រជាពលរដ្ឋខ្មែរ ទាក់ទង២៤ម៉ោងតែម្ដង»។

បើតាមការបញ្ជាក់ របស់លោក កុយ គួង, នៅពេលដែលមានជើងហោះហើរត្រង់នេះ ចំនួនប្រជាពលរដ្ឋកម្ពុជា​ ដែល​មករកសេវាសុខភាព ក៏ដូចជា មកកន្លែងព្រះពុទ្ធស្ថាន នឹងមានការកើនឡើង កាន់តែច្រើន ដោយសារតម្លៃ នៃការធ្វើដំណើរកាន់តែធូរថ្លៃ ហើយកាន់តែមានភាពងាយស្រួល។

លោក កុយ គួង បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋឥណ្ឌា ទៅលេងប្រទេសកម្ពុជា ប្រមាណ៧ម៉ឺន ទៅ៨ម៉ឺននាក់ បើធៀបនឹងចំនួនប្រជាពលរដ្ឋសរុប ១.៤ពាន់នាក់ គឺជាចំនួនមួយ ដែលតិចណាស់ ដូច្នេះនៅពេល ដែលមានជើងហោះហើរត្រង់នេះ លោកសង្ឃឹមថា ចំនួនប្រជាពលរដ្ឋឥណ្ឌា ទៅលេងប្រទេសកម្ពុជា នឹងមានការកើនឡើងទ្វេរដង។

​សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់កម្ពុជា Cambodia Angkor Air បានចាប់ផ្តើមដំណើរការហោះហើរ ររវាងរាជធានីភ្នំពេញ និងទីក្រុងញូវដេលី ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខណៈក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo ត្រូវបានរដ្ឋាភិបាល នៃប្រទេសទាំងពីរ អនុញ្ញាតឲ្យបើកជើងហោះហើរត្រង់មកកម្ពុជា ចាប់ពីខែតុលា ឆ្នាំ២០២៤៕