(ហ្សឺណែវ, ស្វីស)៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើញបើកកិច្ចប្រជុំពាក់កណ្តាលអាណត្តិ (Intersessional Meetings) នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។ កិច្ចប្រជុំនេះ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងមានការចូលរួមពីសមាជិកជារដ្ឋភាគី អង្គការអន្តរជាតិ សង្គមស៊ីវិល និងប្រទេសមិនមែនជារដ្ឋភាគី។

ក្នុងពិធីបើកកិច្ចប្រជុំ បណ្ឌិត លី ធុជ បានថ្លែងថា យើងបានបោះជំហានយ៉ាងសំខាន់ ចាប់តាំងពីកិច្ចប្រជុំត្រួតពិនិត្យលើកទី៤ នៅប្រទេសន័រវេសឆ្នាំ២០១៩ ប៉ុន្តែទោះជាយើងខំប្រឹងប្រែងរួមគ្នាក៏ដោយ ក៏ស្រមោលនៃទុក្ខវេទនានៅតែមាន ហើយតំបន់ខ្លះបន្តមានចំនួនអ្នកស្លាប់ និងរបួសកើនឡើងដោយសារគ្រាប់មីនប្រឆាំងមនុស្ស។

លោកបន្តទៀតថា ផ្លូវខាងមុខទាមទារការយកចិត្តទុកដាក់ និងមានឆន្ទៈរួម ក្នុងការលុបបំបាត់បញ្ហាមីនប្រឆាំងមនុស្ស និងផលប៉ះពាល់ដ៏សាហាវរបស់វាទៅលើជីវិតមនុស្ស ខណៈពេលខិតកាន់ជិតដល់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឬកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងរៀបចំនៅទីក្រុងសៀមរាប ដែលជាកន្លែងប្រកាសគ្មានមីន និងបានកំពុងឈរជាសក្ខីភាពនៃជ័យជំនះចំពោះការប្តេជ្ញាចិត្ត និងការតស៊ូរួមគ្នាក្នុងការលប់បំបាត់ចោលគ្រាប់មីន។

ក្នុងឱកាសនោះ បណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្រាប់ការគាំទ្រ និងផ្តល់ការដឹកនាំដោយឥតងាករេ ក្នុងបេសកកម្មនៃការប្តេជ្ញាចិត្តជាសកលដើម្បីពិភពលោកមួយដែលគ្មានមីន។

បណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា កិច្ចប្រជុំពាក់កណ្តាលអាណត្តិនេះ គឺជាចំណុចយ៉ាងសំខាន់មួយដែលអនុញ្ញាតឱ្យយើងធ្វើការឆ្លុះបញ្ចាំងពីសមិទ្ធិផល កំណត់ចំណុចសម្រាប់ការកែលម្អ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះគោលការណ៍ និងបទដ្ឋាននៃអនុសញ្ញាអូតាវ៉ា។ ការប្តេជ្ញាចិត្តរួម និងគោលដៅរួមសម្រាប់ពិភពលោកមួយដែលគ្មានមីន កំពុងក្លាយជាការពិត៕