(សិង្ហបុរី)៖ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានថ្លែងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន រង់ចាំធ្វើការយ៉ាងជិតស្និតជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រឹកភាពជាដៃគូ ដើម្បីធានានូវអនាគតរបស់ប្រទេសទាំងពីរ។

ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ធ្វើឡើងក្នុងពិធីលៀងសាយភោជន៍ពេលល្ងាចផ្លូវការ ដែលលោក រៀបចំជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នាល្ងាចថ្ងៃអង្គារ ទី១៨ មិថុនា ២០២៤។

លោកនាយកដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «នាយករដ្ឋមន្ត្រី ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រទេសសិង្ហបុរីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់អាទិភាពនៃការអភិវឌ្ឍរបស់កម្ពុជាក្រោមយុទ្ធសាស្ត្រនេះ។ ខ្ញុំមានទំនុកចិត្តថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរបស់លោក នឹងទទួលបានជោគជ័យ ក្នុងគោលដៅរបស់គាត់ សម្រាប់ការអភិវឌ្ឍបន្ទាប់ទៀតរបស់កម្ពុជា។ ហើយខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយគាត់ ដើម្បីពង្រឹងភាពជាដៃគូរបស់យើងបន្ថែមទៀត និងដើម្បីធានាអនាគតរបស់យើង នៅក្នុងពិភពលោកដែលមិនច្បាស់លាស់មួយនេះ»។

ថ្លែងក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី Lawrence Wong បានបង្ហាញនូវក្តីរំភើបរីករាយ ចំពោះចំណងមិត្តភាព របស់ប្រទេសកម្ពុជា-សិង្ហបុរី ដែលនៅឆ្នាំក្រោយនេះ ជាខួបលើកទី៦០ នៃទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយផ្លែផ្កា ដែលជាសក្ខីភាពនៃមិត្តភាព និងភាពជាដៃគូរបស់ប្រទេសទាំងពីរ។

លោកបានរំលឹកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ (កម្ពុជា-សិង្ហបុរី) ត្រូវបានបង្កើតឡើងក្នុងកម្រិតខ្ពស់បំផុត បើត្រឡប់ទៅសម័យលោក លី ក្វាន់យូ និងសម្តេចព្រះ នរោត្តម សីហនុ ដែលលោកទាំងពីរ បានរីករាយនឹងចំណងមិត្តភាពដ៏ជិតស្និទ្ធ តាមរយៈការគោរពគ្នាទៅវិញទៅមក។ ជាក់ស្តែង មួយថ្ងៃបន្ទាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥ ព្រះបរមរតនកោដ្ឋ បានផ្ញើសារមួយទៅកាន់លោក លី ក្វាន់យូ ដោយបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលស្គាល់ឯករាជ្យ របស់ប្រទេសសិង្ហបុរីជាផ្លូវការ។

ចំពោះប្រវត្តិអតីតកាលនេះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ប្រាកដណាស់ សម្រាប់យើងទាំងអស់គ្នា នៅប្រទេសសិង្ហបុរី យើងនឹងមិនភ្លេចការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះអធិបតេយ្យភាពរបស់យើងឡើយ»

លោកនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្គាល់ជិតដិតជាមួយនឹងប្រទេសសិង្ហបុរី ដោយបានធ្វើទស្សនកិច្ច នៅប្រទេសសិង្ហបុរី ក្នុងខែកក្កដា ឆ្នាំ២០១៨ ក្រោមកម្មវិធី Lee Kuan Yew Exchange Fellowship Program ហើយមួយឆ្នាំក្រោយមក សម្តេចបានមកម្ដងទៀត ក្នុងនាមជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ។ សម្តេចធិបតី បានរាប់អានមិត្តល្អជាច្រើន ក្នុងអំឡុងពេលទស្សនកិច្ចទាំងនេះ ដែលបានរួមចំណែក ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគី ការជឿទុកចិត្តផ្នែកនយោបាយ និងការយោគយល់គ្នាទៅវិញទៅមក។

លោកនាយករដ្ឋមន្ត្រីសិង្ហបុរីបន្តថា ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-សិង្ហបុរី បានរីកចម្រើនយ៉ាងខ្លាំង ត្រូវបានសម្គាល់ដោយការគោរពគ្នាទៅវិញទៅមក និងមានសេចក្តីប្រាថ្នារួមគ្នា និងការប្តេជ្ញាចិត្តចំពោះស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ពាណិជ្ជកម្ម និងការវិនិយោគ គឺជាសសរស្តម្ភសំខាន់ នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ សិង្ហបុរី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលជឿជាក់លើសក្តានុពលរបស់ប្រទេសកម្ពុជា ហើយសព្វថ្ងៃនេះ សិង្ហបុរី គឺជាអ្នកវិនិយោគកំពូលមួយរបស់កម្ពុជា។ ការវិនិយោគរបស់សិង្ហបុរី គ្របដណ្តប់លើវិស័យសំខាន់ៗដូចជា អចលនទ្រព្យ ភស្តុភារ កសិ-ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប្រទេសទាំងពីរបានពង្រីកទៅផ្នែកថ្មីៗដូចជា ថាមពលកកើតឡើងវិញ និងឥណទានកាបូន។ ក្រុមហ៊ុន Kappel Energy ដែលមានដៃគូជាមួយក្រុមហ៊ុន Royal Group របស់កម្ពុជា បានទទួលការយល់ព្រមតាមលក្ខខណ្ឌ ក្នុងការនាំចេញថាមពលអគ្គិសនី 1GW ពីប្រទេសកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី។ កម្ពុជា-សិង្ហបុរី បានកំណត់ MOU ស្តីពីកិច្ចសហការឥណទានកាបូនកាលពីឆ្នាំមុន ហើយកំពុងធ្វើការលើកិច្ចព្រមព្រៀងអនុវត្ត សម្រាប់ការផ្ទេរឥណទានកាបូន។

លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានបញ្ជាក់ទៀតថា ថ្មីៗនេះ សិង្ហបុរី កម្ពុជា និងឡាវ បានបង្កើតក្រុមការងារមួយ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មអគ្គិសនីឆ្លងដែន។ នេះគ្រាន់តែជាឧទាហរណ៍មួយ នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ដែលកំពុងបន្តរីកចម្រើន និងពង្រីកទៅកាន់ផ្នែកថ្មីៗ។ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសកម្ពុជា-សិង្ហបុរី បានរួមចំណែកដល់ការផ្លាស់ប្តូរថាមពល និងគោលដៅសេដ្ឋកិច្ចរៀងៗខ្លួន ដោយបង្កើតជាធាតុផ្សំដ៏សំខាន់នៃចក្ខុវិស័យរួម សម្រាប់បណ្តាញថាមពលអាស៊ានរួមបញ្ចូលគ្នា ដែលនឹងពង្រឹងភាពធន់នឹងថាមពល និងសន្តិសុខសម្រាប់តំបន់។

លោកនាយករដ្ឋមន្ត្រីបន្តថា ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ក៏ជាចំណុចស្នូលនៃទំនាក់ទំនងរបស់កម្ពុជា-សិង្ហបុរីផងដែរ។ ប្រទេសទាំងពីរ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការវិនិយោគលើប្រជាជន។ ឥឡូវនេះ កម្ពុជា គឺជាអ្នកចូលរួមធំទីពីរ ក្នុងកម្មវិធីសហប្រតិបត្តិការសិង្ហបុរី ដែលមានមន្ត្រីកម្ពុជាជាង ១៨,០០០នាក់បានចូលរួម រហូតមកដល់ពេលនេះ។

លោក Lawrence Wong បានបញ្ជាក់ទៀតថា សិង្ហបុរីរីករាយនឹងការផ្លាស់ប្តូរវប្បធម៌ និងប្រជាជនដ៏រឹងមាំផងដែរ។ ទាំងនេះត្រូវបានសម្របសម្រួល ដោយការហោះហើរត្រង់រវាងសិង្ហបុរី និងសៀមរាប។ ប្រជាជនសិង្ហបុរី និងអ្នកទេសចរបរទេសជាច្រើន បានសម្រុកមកពីប្រទេសសិង្ហបុរី ដើម្បីទស្សនាប្រាសាទអង្គរវត្តដ៏អស្ចារ្យ និងផ្នែកផ្សេងទៀតនៃប្រទេសដ៏ស្រស់ស្អាត។

លោកក៏បានបង្ហាញភាពរីករាយ ក្នុងឱកាសបំពេញទស្សនកិច្ចរបស់សម្តេចធិបតីនៅសិង្ហបុរីនៅពេលនេះ ក៏មានការរៀបចំពិព័រណ៍ពិសេសមួយ ដែលបង្ហាញពីការចម្លងនៃប្រាសាទអង្គរវត្ត តុបតែងដោយផ្កាអ័រគីដេខ្មែរជាង ៥០ប្រភេទ និងបានដាក់ឈ្មោះផ្កាអ័រគីដេកូនកាត់មួយ ក្រោមធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោកបន្តថា «ប្រទេសកម្ពុជា និងសិង្ហបុរី ស្ថិតក្នុងដំណាក់កាលផ្សេងគ្នា នៃការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែក្នុងនាមជាប្រទេសពីរនៅអាស៊ីអាគ្នេយ៍ យើងប្រឈមមុខនឹងបញ្ហារួមគ្នា ហើយយើងចែករំលែកទស្សនៈ និងចំណាប់អារម្មណ៍ស្រដៀងគ្នា លើបញ្ហាជាច្រើន។ យើងទាំងពីរត្រូវតែរួមគ្នា ឆ្លងកាត់បរិយាកាសភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់ និងបញ្ហាជាច្រើនបន្ថែមទៀត។ យើងទាំងពីរមានភាគហ៊ុន ក្នុងការធ្វើឱ្យអាស៊ាន ក្លាយជាក្រុមប្រទេសដ៏រឹងមាំ និងរីកចម្រើននៅលើឆាកអន្តរជាតិ»

លោកនាយករដ្ឋមន្ត្រី បង្ហាញនូវក្តីជឿជាក់យ៉ាងមុតមាំថា ប្រទេសរទាំងពីរ អាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការកាន់តែធំ។ តាមរយៈអាស៊ាន ប្រទេសទាំងពីរក៏អាចធ្វើការរួមគ្នា ដើម្បីរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងធានាបាននូវវឌ្ឍនភាព និងវិបុលភាពបន្តសម្រាប់ប្រទេស និងប្រជាជន៕