(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតឥណ្ឌានៅកម្ពុជាបានរួមគ្នាប្រារព្ធព្រឹត្តិការណ៍យោគៈអន្តរជាតិ បន្ទាប់ពីលំហាត់ប្រាណ ផ្នែករាងកាយ និងការអប់រំផ្លូវចិត្តមួយនេះ ត្រូវបានប្រកាសទទួលស្គាល់ជាលក្ខណៈសកលចាប់តាំងពីឆ្នាំ២០១៤មក និងត្រូវបានអង្គការយូណេស្កូសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅឆ្នាំ២០១៦។

ថ្លែងក្នុងព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិលើកទី១០ ដែលធ្វើនៅពហុកីឡដ្ឋានជាតិអូរឡាំពិក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា លំហាត់យោគៈនេះ មិនត្រឹមតែជួយព្យាបាលសុខភាពផ្លូវកាយនោះទេ គឺថែមជួយដល់ការព្យាបាលផ្នែកអារម្មណ៍ និងផ្លូវចិត្តផងដែរ ខណៈប្រជាពលកម្ពុជា ក៏ដូចជាប្រជាជនលើពិភពលោកតានតឹងផ្នែកផ្លូវចិត្ត ពោលគឺដើម្បីរួមគ្នាលើកស្ទួយសន្តិភាពនៅក្នុងពិភពលោក និងពង្រឹងសុខភាពផ្លូវកាយ និងផ្លូវចិត្ត រស់នៅប្រកបដោយសុខដុមរមនា។

លោក ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថាព្រឹត្តិការណ៍នេះ ក៏មានសារសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា តាមរយៈការលើកកម្ពស់ទំនាក់ទំនងសង្គម វប្បធម៌ សេដ្ឋកិច្ច និងរវាងប្រជាជននិងប្រជាជន ព្រមទាំងអបអរសាទរការហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ពីភ្នំពេញ-ញូដេលី-ភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ រួមទាំងប្រារព្ធពិធីបើកជាផ្លូវការឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១។

លោកស្រី ទេវ្យានី ខូប្រាហ្កាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានឱ្យដឹងថា ទិវាយោគៈអន្តរជាតិនៅឆ្នាំ២០២៤នេះ គឺជាសារមួយក្នុងការជួយលើកកម្ពស់សន្តិភាពនៅក្នុងសង្គម និងពិភពលោកទាំងមូល ដោយសារវាផ្តល់នូវមធ្យោបាយមួយសម្រាប់ការសម្រេចបាននូវភាពស្ងប់ស្ងាត់ខាងផ្លូវចិត្ត និងជីវិតល្អប្រសើរ។

លោក សាមីឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា គាំទ្រចំពោះការរៀបចំលំហាត់ប្រាណនេះ ដោយលោកបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញចលនាយុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១០ហើយដែលស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា សហការជាមួយរាជរដ្ឋាភិបាលកម្ពុជារៀបចំទិវាយោគៈអន្តរជាតិនេះឡើង ក្នុងគោលបំណងលើកកម្ពស់សុខភាព និងទាក់ទាញទេសចរ ដោយក្នុងនោះចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤នេះ បានរៀបចំនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជា៖ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកណ្តាល និងខេត្តបាត់ដំបង៕