(មណ្ឌលគិរី)៖ ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មាន គោលនយោបាយច្បាស់លាស់លើសកម្មភាពនយោបាយ។

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ថា្នក់ដឹកនាំគណ:ៈកម្មាធិការប្រត្តិបត្តឃុំ និងបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ចំនួន៣នាក់ បានប្រកាសដើរចេញពីគណបក្សដែលខ្លួនបានបម្រើជាច្រើនឆ្នាំមកហើយ។

ថ្នាក់ដឹកនាំសមាជិក សមាជិកាបក្សប្រឆាំងទាំង ០៣រូបនេះ បានធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំងយូរឆ្នាំមកហើយ ព្រោះតែមានការជឿជាក់ថា បក្សប្រឆាំងអាចចូលរួមដោះស្រាយបញ្ហារបស់ជាតិ និងប្រជាជន។ បន្ទាប់ពីធ្វើដំណើរយូរឆ្នាំជាមួយបក្សប្រឆាំង ហាក់មិនទទួលបានលទ្ធផលដូចការរំពឹងទុក របស់ខ្លួននោះឡើយ។ ផ្ទុយទៅវិញបក្សប្រឆាំងចេះតែបែកបាក់សាមគ្គីគ្នា គ្មានជំហរនយោបាយច្បាស់លាស់ និងមិនបានរួមចំណែកអ្វីក្នុងការដោះស្រាយបញ្ហាជាតិ ប្រជាជន ឬចូលរួមក្នុងកិច្ចកសាងជាតិនោះឡើយ។

ដោយអស់សង្ឃឹមថានឹងការបន្តជីវិតនយោបាយជាមួយគណបក្សប្រឆាំងពួកគេក៏សម្រេចចិត្តផ្តាច់សម្ព័ន្ធមេត្រីភាពជាមួយបក្សដែលខ្លួនស្ម័គ្រស្មោះ ហើយសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។

ពួកគេបានគូសបញ្ជាក់ថា នៅពេលនេះបានមើលឃើញច្បាស់ដោយឥតសង្ស័យគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យ ពូជ សាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាមបង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

អ្នកស្ម័គ្រស្មោះព្រោះចាញ់កលលួងលោមបក្សប្រឆាំងបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិ ឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌ ដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើការពារស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំងជាពិសេសមិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។

ពួកគេក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕