(ភ្នំពេញ)៖ យុវតីវ័យ២៣ឆ្នាំម្នាក់ ឈ្មោះ ទេព បុរីរតនា បានបញ្ចប់ការសិក្សាដោយជោគជ័យថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងទីផ្សារ នៅសាកលវិទ្យាល័យដេគីន (Deakin University) ដ៏ល្បីមួយក្នុងទីក្រុងមែលប៊ឺន ប្រទេសអូស្ដ្រាលី ហើយបច្ចុប្បន្ននេះក៏កំពុងបម្រើការងារជាអ្នកគ្រប់គ្រង នៅក្រុមហ៊ុនធំមួយក្នុងទីក្រុងមែលប៊ឺនផងដែរ។
កញ្ញាក៏ជាសហគ្រិនវ័យក្មេងមួយរូប ដែលមានអាជីវកម្មផ្ទាល់ខ្លួន គឺហាងលក់អាវគណបក្សយក្សា ហើយសព្វថ្ងៃមានចំនួន៤សាខា នៅរាជធានីភ្នំពេញ។
សហគ្រិនវ័យក្មេងរូបនេះ បានចូលសិក្សានៅសាកលវិទ្យាល័យ ដេគីន ក្នុងប្រទេសអូស្ដ្រាលី ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ កាលពីឆ្នាំ២០២១៩ ហើយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ នៅដើមឆ្នាំ២០២៤នេះ។ កញ្ញាក៏នឹងបន្ដសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យមែលប៊ឺន ដែលជាសាកលវិទ្យាល័យលំដាប់ទី១ ប្រចាំប្រទេសអូស្ដ្រាលីនាពេលឆាប់ៗខាងមុខនេះ។
ក្រៅពីជោគជ័យលើការសិក្សា និងមុខជំនួញហើយនោះ កញ្ញា ទេព បុរីរតនា ក៏ជាយុវតីម្នាក់ដែលតែងតែចូលរួមក្នុងកិច្ចសង្គមនានាជាច្រើនទៀត តាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗផងដែរ។ កញ្ញាថា ក្រោយបញ្ចប់ការសិក្សានឹងវិលត្រឡប់មកកម្ពុជាវិញ ដើម្បីមានឱកាសចូលរួមបម្រើជាតិ៕