(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញពីការគាំទ្រគម្រោងអភិវឌ្ឍពូជគោប្រាម៉ាន់ របស់កសិដ្ឋាន S.V. Ranch ខេត្តកែប ដោយជឿជាក់ថាកសិដ្ឋាននេះនឹងចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម លើផ្នែកបច្ចេកវិទ្យាក្នុងការបង្កាត់ពូជគោប្រាម៉ាន់ ដែលមានគុណភាពខ្ពស់ មានសាច់ច្រើន ផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម និងចូលរួមផ្គត់ផ្គង់តម្រូវការទីផ្សារសាច់គោនៅកម្ពុជា។

ដើម្បីជំរុញដល់កិច្ចការងារនេះ ក្រសួងព័ត៌មាន នឹងចូលរួមសហការជាមួយកសិដ្ឋាន S.V. Ranch ក្នុងការប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយ ដើម្បីជួយធ្វើការផ្សព្វផ្សាយបន្ថែមឱហយបានទូលំទូលាយពីរបៀបចិញ្ចឹមពូជគោប្រាម៉ាន់ ការបង្កាត់ពូជ និងទីផ្សារសម្រាប់លក់ដែលទទួលបានផលចំណេញច្រើន,

ការបង្ហាញពីការគាំទ្របែបនេះរបស់ លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសដឹកនាំ មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញទៅធ្វើ ទស្សនកិច្ចនៅ កសិដ្ឋាន អេស វី រេញ (SV) ខេត្តកែប ដែលចិញ្ចឹមពូជគោប្រាម៉ាន់ និងសេះ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃចំពោះកសិដ្ឋាន S.V. Ranch ដែលបានបណ្តាក់ទុនយ៉ាងច្រើនក្នុងការបង្កើតជាកសិដ្ឋានចិញ្ចឹមពូជគោប្រាម៉ាន់ ដែលជាកសិដ្ឋានមួយនាំមកនូវមោទនភាពឱ្យប្រទេសកម្ពុជា ដោយបាននាំមកនូវបច្ចេកទេស និងប្រភេទពូជគោប្រកបដោយផលិតខ្ពស់ និងគុណភាពល្អ មកធ្វើការចែកចាយនៅក្នុងទីផ្សារប្រទេសកម្ពុជា។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការបង្កើតកសិដ្ឋានចិញ្ចឹមគោ និងសេះ អេស វី (SV) នៅខេត្តកែប ក៏ជាការកើតនូវសក្តានុពលទេសចរណ៍ថ្មីមួយទៀតនៅក្នុងខេត្ត ហើយទីតាំងកសិដ្ឋាននេះជាកន្លែងសិក្សាពីប្រភេទពូជគោប្រាម៉ាន់ និងវិធីសាស្ត្រក្នុងការបង្កាត់ពូជគោ និងការសិក្សាស្វែងយល់ពីពូជសេះ របស់ខ្មែរ និងពូជសេះ មកពីបរទេស ហើយការបង្កាត់ពូជគឺបានល្អព្រោះសេះទាំងនោះមាន មាឌធំ និងកម្ពស់។

ទាំងអស់នេះគឺជាផ្នែកមួយសំខាន់ណាស់ដែលលោករដ្ឋមន្ត្រី យល់ឃើញថា មិនមែនត្រឹមតែបង្កើតនូវភាពសម្បូរណ៍បែបក្នុងដំណើរសេដ្ឋកិច្ច និងកសិកម្មរបស់កម្ពុជាប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែជាសក្តានុពលមួយក្នុងវិស័យទេសចរណ៍។

លោក នេត្រ ភក្ត្រា បានរំលឹកឡើងវិញថា កន្លែងកសិដ្ឋាន អេស វី ចិញ្ចឹមពូជគោប្រាម៉ាន់នេះ កាលពីមុនជាទីតាំងបានឆ្លងកាត់តំបន់សង្គ្រាម តែឥឡូវនេះបានក្លាយទៅជាតំបន់អភិវឌ្ឍន៍ ដែលពោរពេញទៅដោយដំណាំកសិកម្ម និងវិស័យកសិកម្មជារួម។ ទីតាំងនេះដែរ គឺមានទេសភាពស្រស់ស្អាត ដែលជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តបានច្រើន។ ដូច្នេះចំពោះចក្ខុវិស័យទៅមុខក្នុងការបោះទុនវិយោគនៅកសិដ្ឋាន អេសវី មិនមែនត្រឹមតែសម្លឹងទៅរកចំណេញនៅក្នុងការលក់សាច់គោ ឬក៏ទឹកស្ពែមក្នុងការបង្កាត់ពូជនោះទេ ក៏ប៉ុន្តែកសិដ្ឋាននេះបានចូលរួមចំណែកលើកតម្លើងនូវសក្តានុពលនៃវិស័យទេសចរណ៍ផងដែរ។

ជាមួយនេះ លោករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តបន្ថែមទៀតសម្រាប់ការរៀបចំឱ្យបានកាន់តែល្អចំពោះទីតាំងនៃការជិះសេះកំសាន្ត ដើម្បីភ្ជាប់ជាមួយទេសចរណ៍ ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា បានតម្រង់ទឹសដោយនៅខេត្តកែប ជាតំបន់ទេសចរណ៍ធម្មជាតិកម្រឹតខ្ពស់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា ខេត្តដែលនៅតំបន់ឆ្នេរសមុទ្រ មិនមែនជាខេត្តដែលធ្វើការប្រកួតប្រជែងគ្នានោះទេ ប៉ុន្តែជាខេត្តត្រូវធ្វើការបំពេញឱ្យគ្នាទៅវិញទៅមកលើផែនការអភិវឌ្ឍ។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានកោតសរសើរចំពោះការដំណើរការអភិវឌ្ឍ និងភាពរីកចំរើនយ៉ាងឆាប់រហ័សនូវរាល់ហេដ្ឋារនាសម្ពន្ធ័ និងវិស័យទេសចរណ៍ ក្នុងខេត្តក្រោមការដឹកនាំរបស់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

តាមការបញ្ជាក់របស់ លោក សុខ សាវ៉ាត ម្ចាស់កសិដ្ឋាន អេស វី រេញ ថាកសិដ្ឋាន អេស វី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ និងចុះបញ្ជីនៅឆ្នាំ២០២៣។ នៅក្នុងឆ្នាំ២០២១ កសិដ្ឋាន អេស វី (SV RANCH) មានគោមេ គោបាពូជប្រាម៉ាន់សុទ្ធចំនួន ៧ក្បាលប៉ុណ្ណោះ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ កសិដ្ឋាន បានបង្កើនចំនួនគោពូជប្រាម៉ាន់ សរុប៣០ក្បាល ហើយក្នុងនោះមាន ពូជគោបា ចំនួន៦ក្បាល សម្រាប់ផលិតទឹកស្ពែមបង្កាត់ពូជបន្ត និងមានពូជគោមេចំនួន ១៦ ក្បាល និងកូនគោពូជប្រាម៉ាន់ ចំនួន ៨ក្បាល តួលេខនេះ គិតត្រឹមឆ្នាំ២០២៣។

លោក សុខ សាវ៉ាត បានបញ្ជាក់ថា ដើម្បីធានាបាននូវវឌ្ឍនភាព និងនិរន្តរភាពរបស់កសិដ្ឋានទាំងមូល គឺក្រុមការងារជំនាញបានកំណត់នូវចក្ខុវិស័យច្បាស់លាស់ក្នុង ការអភិវឌ្ឍពូជគោប្រាម៉ាន់ ផលិត និងផ្គត់ផ្គង់សាច់គោតាមបទដ្ឋានអន្តរជាតិ និងមានបទបដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ទទន្ទឹមនេះ កសិដ្ឋានក៏មានបេសកកម្មចម្បងរបស់ខ្លួនក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពកសិករចិញ្ចឹមគោខ្នាតតូចនៅក្នុងកម្ពុជាឱ្យមានជំនាញ និងបច្ចេកទេសច្បាស់លាស់ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចិញ្ចឹមពូជគោប្រាម៉ាន់ ឱ្យសម្រេចបាននូវទិន្នផលខ្ពស់ សំដៅធានាដល់ការផ្គត់ផ្គង់សាច់គោទាំងក្នុង និងក្រៅប្រទេសស្របតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានអនាម័យខ្ពស់។

រហូតមកដល់បច្ចុប្បន្ននេះ លោក សុខ សាវ៉ាត និងលោក សាលី អ៊ូមើត ដែលជាវីរៈកីឡាករជម្រើសជាតិជាតិម៉ូតូទឹកកម្ពុជា និងជាម្ចាស់កសិដ្ឋាន អូ អឹម អេស (OMS) ដ៏ធំមួយនៅក្នុងទីក្រុងប៉ាតាយ៉ា(PATTAYA)ប្រទេសថៃ បានរួមសហការគ្នាដើម្បីអភិវឌ្ឍ និងលើកកម្ពស់ការបង្កាត់ពូជគោប្រាម៉ាន់ ទាំងបរិមាណ និង គុណភាព។ បង្កើតមជ្ឈមណ្ឌលផលិតទឹកស្ពែមមុនដំបូងគេបង្អស់ និងល្អបំផុតនៅកម្ពុជា។

ពង្រឹងសមត្ថភាពកសិករខ្នាតតូចឲ្យមានជំនាញចិញ្ចឹម ពូជគោប្រាម៉ាន់ តាមបែបវិទ្យាសាស្ត្រទំនើបតាមរយៈការចុះបង្រៀន ការបង្វឹកក្រុមគ្រូពេទ្យសត្វបង្គោល ការផ្តល់សេវាប្រឹក្សាបច្ចេកទេស ការផ្គត់ផ្គង់ទឹកស្ពែម និង ការផ្តល់សេវាឲ្យនៅជាប់ជាមួយប្រជាកសិករ ដើម្បីធានាដល់ការចិញ្ចឹមគោប្រកបដោយប្រសិទ្ធភាព និងទទួលបានទិន្នផលខ្ពស់។
ទន្ទឹមក៏ធ្វើការអភិវឌ្ឍសហគ្រាសផលិត និងផ្គត់ផ្គង់ចំណីសម្រាប់សត្វគោស្របតាមបទដ្ឋានអន្តរជាតិ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីចូលរួមជំរុញកំណើននៃការផលិតរបស់ប្រជាកសិករឲ្យបានច្រើន សំដៅធានាដល់ការផ្គត់ ផ្គង់សាច់គោមកក្រុមហ៊ុនវិញ។

ក្រុមហ៊ុននឹងប្រមូលទិញគោពីប្រជាកសិករមកវិញក្រោយការផលិត និងចិញ្ចឹមបានធំធាត់ហើយ តែតម្លៃទិញ លក់ ផ្អែកតាមតម្លៃទីផ្សារជាក់ស្តែង។ ជំរុញបង្កើតសហគ្រាសផលិតសាច់គោស្រស់ និង បង្កកស្របតាមបទដ្ឋានអនាម័យត្រឹមត្រូវ មានគុណភាព ខ្ពស់ និងមានភាពប្រកួតប្រជែង ៕