(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានដឹកនាំមន្ត្រី អាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៤៧គ្រួសារ នៅក្នុងស្រុកទឹកឈូ និងស្រុកកំពង់ត្រាច ដែលទទួលរងគ្រោះកាលពីថ្ងៃទី១៥-១៦ ខែមិថុនា កន្លងទៅនេះ។

ពិធីនេះបានរៀបចំធ្វើឡើង នៅក្នុងបរិវេណវត្តអង្គសិរីសោភា ស្ថិតក្នុងភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ នារសៀលថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ លោកបណ្ឌិត ម៉ៅ ធនិន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមសោកស្តាយ ចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវការបាត់បង់ទ្រព្យសម្បត្តិ ផ្ទះសំបែង ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយមកទទួលអំណោយនាពេលនេះទាំងអស់ ដោយក្តីនឹករឭកបំផុត។

លោកប្រធានគណៈកម្មាធិការសាខា បានបន្តទៀតថា ជានិច្ចកាលសម្តេចប្រធាន តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះដែរ លោកប្រធានគណៈកម្មាធិការសាខា ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរ និងសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមេឃភ្លៀង ឬខ្យល់ខ្លាំង សូមកុំឱ្យក្មេងតូចៗចេញពីផ្ទះ ហើយរួមគ្នាលុបបំបាត់ថ្លុកជ្រាំ កេងក្នុងមុង ដើម្បីការពារជំងឺគ្រុនឈាម ពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីក។

អំណោយផ្តល់ជូន នាពេលនោះរួមមាន៖ គ្រួសាររងគ្រោះធ្ងន់ធ្ងរ ចំនួន ៩គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, កៅស៊ូតង់ ១ដុំ និងថវិកា២០ម៉ឺនរៀល។ រីឯគ្រួសាររងគ្រោះមធ្យម ចំនួន២៣៨គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម, ត្រីខ ១០កំប៉ុង,  ទឹកត្រី ១យួរ, មី ១កេស និងថវិកា៥ម៉ឺនរៀល។

ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខា ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ រួមមាន៖ អង្ករ ៥០គីឡូក្រាម, ទឹកត្រី ២យួរ, ត្រីខ ២០កំប៉ុង, មី ២កេស, ទឹកសុទ្ធ ២កេស និងថវិកាមួយចំនួនផងដែរ៕