(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សម្តេចនៅតែទុកអាទិភាពលើការ ដោះស្រាយលើបញ្ហាអន្តរាគមន៍ លើថ្លៃស្រូវរបស់កសិករមុនគេក្នុង ចំណោមការងារជាច្រើនទៀតរបស់សម្តេចតេជោ ។ ការអះអាងរបស់សម្តេចតេជោ ធ្វើឡើង ក្រោយពីបញ្ហានៃការធ្លាក់ចុះស្រូវ របស់ប្រជាកសិករ ក្លាយជាប្រធានបទក្តៅ និងជារឿងដែលត្រូវដោះស្រាយជាបន្ទាន់ ។
យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះឲ្យដឹងថា «នេះជារូបភាពនៃទន្លេសេកុង នៃទីរួមខេត្តស្ទឹងត្រែង នាពេលព្រឹដែលថតមុនម៉ោង៦ព្រឹក។ ម្សិលមិញខ្ញុំបង្ហោះរូបដែថតម៉ោង៦ល្ងាច។ ខ្ញុំនឹងបង្ហោះដើម្បីធ្វើការប្រៀបធៀប។ សុំពិនិត្យមើល ក្រោយខ្នងខ្ញុំមានស្ពានឆ្លងទន្លេសេកុងតាមផ្លូវលេខ៧ ឆ្ពោះទៅកាន់ព្រំដែនឡាវ។ ឯស្ពានដែលខ្ញុំឈរថតរូបគឺស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ ផ្លូវជាតិលេខ៧ ស្ទឹងត្រែងទៅផ្លូវជាតិលេខ៩ តភ្ជាប់ទៅកាន់ខេត្តព្រះវិហារដែលជាផ្លូវ និងស្ពានថ្មីដែលទើបដាក់ឱ្យប្រើប្រាស់ប្រមាណជិត២ឆ្នាំមុន» ។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «ដំណើរលើកនេះព្រមជាមួយ និងការដោះស្រាយការងារនៅខេត្ត៣ដែលខ្ញុំសំរាក ការដោះស្រាយលើបញ្ហាអន្តរាគមន៍ លើថ្លៃស្រូវរបស់កសិករ នៅតែជាអាទិភាពជាងគេសំរាប់កិច្ចការរបស់ខ្ញុំ»។
ខណៈនេះសម្តេចតេជោ ហ៊ុន សែន កំពុងតែធ្វើដំណើរជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនៅព្រះវិហារ ដើម្បីសំឡឹងមើលពីការរស់នៅរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ជាដើម។ តែទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ ហាក់មិនបានបំភ្លេចពីការចូលរួមដោះស្រាយ ទុក្ខលំបាក ជូនប្រជាពលរដ្ឋឡើយ ជាក់ស្តែងដូចជា បញ្ហានៃការធ្លាក់ចុះតម្លៃស្រូវនាពេលនេះ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា បានចូលរួមដោះស្រាយលើករណីនេះ ដោយបបានដាក់ឲ្យអនុវត្តនូវ «កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» ក្នុងគោលដៅរក្សាស្ថេរភាពតម្លៃស្រូវ និងជំរុញការទិញស្រូវក្នុងប្រទេស ដោយបញ្ចេញនូវថវិកាចំនួន ២៧លានដុល្លារអាមេរិក ក្នុងនោះមានប្រាក់បំរុងរបស់ រាជរដ្ឋាភិបាលចំនួន ២០លានដុល្លារ និងប្រើប្រាស់ទុនរបស់ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ចំនួន ៧លានដុល្លារ ជាឥណទានកាតាលិករ ជួយជំរុញស្ថេរភាពវូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក ដោយអនុញ្ញាតឲ្យធនគារអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករ អនុវត្តគម្រោងនេះដោយផ្ទាល់៕