(កូរ៉េ)៖ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ បានអញ្ជើញជួបជាមួយប្អូនស្រី សួង ស្រីនិត ជាជនរងគ្រោះម្នាក់ ដែលត្រូវបានមេការរោងចក្រប្រើអំពើហិង្សា កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅក្នុងទីក្នុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ក្នុងឪកាសដែលលោកនិងគណៈប្រតិភូអញ្ជើញមកចូលរួមកិច្ចប្រជុំ 2nd Annual Commemoration of WARP Summit ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
លោក ហ៊ុន ម៉ានី ពិតជាមានការស្លុតអារម្មណ៍អាណិត ប្អូនស្រី សួង ស្រីនិត នៅពេលដែលឃើញសភាពជាក់ស្ដែងរបស់ និងការរៀបរាប់ទាំងក្ដុកក្ដួលរបស់ប្អូនស្រី ហើយលោកសន្យាថា នៅពេលចប់កិច្ចប្រជុំនៅសាធារណរដ្ឋកូរ៉េ ត្រឡប់ទៅកម្ពុជាវិញ ក្នុងនាមលោកជាតំណាងរាស្រ្ត របស់ប្រជាពលរដ្ឋ លោកនឹងរៀ់បចំបែបបទ ដើម្បីជម្រាបទៅស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ក្នុងគោលបំណងបន្ថែមបន្ទុកពីលើកំណត់ទូតរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានធ្វើទៅស្ថាប័នប៉ូលីសតំបន់ Pochun ខេត្ត Gyonggi-do នៃសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
គួរបញ្ជាក់ផងដែរថា អំឡុងពេលនេះ នៅសាធារណរដ្ឋកូរ៉េ គឺកំពុងអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌធំ ឬហៅថាបុណ្យ Chusok ហើយស្ថានប័នរដ្ឋ និងឯកជនទាំងអស់ត្រូវបានឈប់សម្រាក ជាហេតុធ្វើឲ្យចំណាត់ការ នៃស្ថាប័នប៉ូលិសមានការយឺតយ៉ាវខ្លះ។
ជាការឆ្លើយតបយ៉ាងអួលអាក់របស់ប្អូនស្រី សួង ស្រីនិត ប្អូនស្រីគ្មានអ្វីស្មើនឹងសំពះអរគុណនូវទឹកចិត្ត និងជឿជាក់លើលើចំណាត់ការរបស់ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា, លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េ និងក្រុមការងារ ដែលបានសស្រាក់សស្រាំ ក្នុងការការពារសិទ្ធិសេរីភាព និងផលប្រយោជន៍របស់ប្រជាជនខ្មែរ ដែលរស់នៅលើទឹកដីកូរ៉េនេះ ហើយប្អូនស្រីសំណូមពរឲ្យថ្នាក់ដឹកនាំ ស្វែងរកយុត្តិធម៌ជូនប្អូនស្រី ក៏ដូចជាពលរដ្ឋដទៃទៀត៕